ប្រមុខរបបយោធាមីយ៉ាន់ម៉ា នៅថ្ងៃសៅរ៍ (ទី១៤ ខែកញ្ញា) នេះ បានធ្វើសំណើដ៏កម្រកើតមាន ដើម្បីសុំជំនួយបរទេសយកទៅទប់ទល់នឹងទឹកជំនន់សែនអាក្រក់ ដែលបាននាំឲ្យមានការជម្លៀសប្រជាជនរាប់សែននាក់ ខណៈពួកគេ បាន និងកំពុងស៊ូទ្រាំប្រឈមនឹងសង្គ្រាមរយៈពេល ៣ឆ្នាំ។
ទឹកជំនន់ និងបំណាក់ដី បានសម្លាប់មនុស្សជិត ៣០០នាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា វៀតណាម ឡាវ និងថៃ បន្ទាប់ពីមានព្យុះទីហ្វុង Yagi ដែលបានបណ្ដាលឲ្យមានជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ នៅពេលព្យុះនេះបោកបក់លើតំបន់ កាលពីចុងសប្តាហ៍មុន។
រដ្ឋាភិបាលមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ (ទី១៣ ខែកញ្ញា) បានឲ្យដឹងថា នៅសហភាពមីយ៉ាន់ម៉ា មនុស្សជាង ២៣៥.០០០នាក់ ត្រូវបានបង្ខំចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារទឹកជំនន់នេះ ហើយគ្រោះធម្មជាតិនេះ បានបង្កើនទុក្ខព្រួយបន្ថែមដល់ប្រទេស ដែលសង្រ្គាមបានផ្ទុះឡើង ចាប់តាំងពីយោធាបានដណ្តើមអំណាច ក្នុងឆ្នាំ២០២១។
បើយោងតាមសារព័ត៌មាន Global New Light of Myanmar បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ប្រមុខរបបយោធា លោក Min Aung Hlaing បាននិយាយថា៖ «មន្រ្តីរដ្ឋាភិបាលចាំបាច់ត្រូវទាក់ទងជាមួយបរទេសដើម្បីទទួលបានការជួយសង្គ្រោះ និងជំនួយសង្គ្រោះ ដែលត្រូវផ្តល់ជូនជនរងគ្រោះ»។ លោកត្រូវបានដកស្រង់សម្ដី ដែលបាននិយាយទៀតថា៖ «វាចាំបាច់ក្នុងការគ្រប់គ្រងវិធានការជួយសង្គ្រោះ ជំនួយសង្គ្រោះ និងការស្តារនីតិសម្បទាឡើងវិញឲ្យបានលឿនតាមដែលអាចធ្វើទៅបាន»។
កាលពីថ្ងៃសុក្រ របបយោធាបានផ្តល់តួលេខអ្នកស្លាប់ចំនួន ៣៣នាក់ ខណៈនៅព្រឹកថ្ងៃនោះ នាយកដ្ឋានពន្លត់អគ្គិភ័យរបស់ប្រទេស បានប្រាប់ថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសពចំនួន ៣៦នាក់។
គួរបញ្ជាក់ថា នៅមុននេះ យោធាមីយ៉ាន់ម៉ា បានរារាំង ឬទប់ស្កាត់មិនឲ្យមានជំនួយមនុស្សធម៌ពីបរទេសទេ។ កាលពីឆ្នាំមុន របបនេះបានផ្អាកការអនុញ្ញាតធ្វើដំណើរ ចំពោះក្រុមជំនួយ ដែលព្យាយាមចូលទៅដល់អ្នករងគ្រោះប្រហែល ១លាននាក់ ដោយព្យុះស៊ីក្លូន Mocha ដែលបានបោកបក់ នៅភាគខាងលិចប្រទេស៕



