នៅសល់ពេលវេលា២ថ្ងៃទៀត ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នឹងត្រូវបិទបញ្ចប់ ខណៈនៅថ្ងៃទី១៤ ខែកញ្ញានេះដែរ តាមសាលាឃុំសង្កាត់ មានពលរដ្ឋពលរដ្ឋអញ្ជើញទៅចុះឈ្មោះបោះឆ្នោតជាហូរហែរ ក្នុងនោះមានឃុំសង្កាត់ខ្លះ បានទទួលពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតលើសផែនការគ្រោងទុក។
ប្រធានក្រុមចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល លោក ប៉ែន សំអាន ថ្លែងប្រាប់BTV ថា មកដល់ថ្ងៃទី១៤ ខែកញ្ញានេះ ក្រុមការងារចុះឈ្មោះឆ្នោតនៅសាលាសង្កាត់កំពង់សំណាញ់ បានទទួលពលរដ្ឋមកចុះឈ្មោះឆ្នោតបានចំនួនលើសផែនការគ្រោងទុក ក្នុងនោះ មានពលរដ្ឋមកចុះឈ្មោះបោះឆ្នោតខ្លះជាសិស្សទើបគ្រប់អាយុ១៨ឆ្នាំ ខ្លះផ្លាស់ប្តូទីលំនៅថ្មី និងមកធ្វើបណ្ណ ឯ.អ បញ្ជាក់អត្តសញ្ញាណបម្រើការបោះឆ្នោត។
ពលរដ្ឋដែលនាំគ្នាចុះឈ្មោះបោះឆ្នោតនៅថ្ងៃនេះ បានចាត់ទុកថា ការចុះឈ្មោះបោះឆ្នោត គឺមានសារសំខាន់ និងមានភាពចំាបាច់ ក្នុងការបំពេញភារកិច្ច កាតព្វកិច្ចរបស់ខ្លួនជាពលរដ្ឋនៃប្រទេសមួយ ដែលមានសិទ្ធសេរីភាព បញ្ចេញមតិ តាមរយៈការបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេសដែលខ្លួនស្រឡាញ់ពេញចិត្ត និងជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ អភិវឌ្ឍន៍មូលដ្ឋានខ្លួនឲ្យរីកចម្រើនជាដើម។
ឯកឧត្តម ហង់ ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ថ្លែងថា មកដល់ថ្ងៃនេះ គ.ជ.ប បានទទួលពលរដ្ឋចុះឈ្មោះបានចំនួនជាង១៥ម៉ឺននាក់ ហើយតួលេខនេះអាចនឹងលើសផែនការគ្រោងទុក ធ្វើត្រូវធ្វើជាង ១៩ម៉ឺននាក់ ។
ឯកឧត្តម បញ្ជាក់ថា មកដល់ថ្ងៃនេះគឺនៅសល់ពេលវេលា២ថ្ងៃទៀត ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត តាមសាលាឃុំសង្កាត់ នឹងត្រូវបិទបញ្ចប់ ហើយសម្រាប់ពលរដ្ឋដែលជិតគ្រប់អាយុ១៨ឆ្នាំ នៅឆ្នាំនេះ និងអ្នកអាកខានមិនបានចុះឈ្មោះ ឬផ្លាស់ប្តូរការិយាល័យបោះឆ្នោតជាដើមនោះ គឺសូមរងចាំការរៀបចំចុះឈ្មោះ នៅឆ្នាំ២០២៥ ឆ្នាំក្រោយនេះទៀត៕ អត្ថបទ ស៊ុម សុខជា


