ការប្រយុទ្ធគ្នាដោយកាំភ្លើងជាមួយជនសង្ស័យរបស់ក្រុមសកម្មប្រយុទ្ធ បានបណ្ដាលឲ្យទាហានឥណ្ឌា ២នាក់ស្លាប់ និង ២នាក់ទៀត រងរបួស នៅក្នុងតំបន់ Kashmir ដោយហេតុការណ៍នេះ កើតមានឡើងប៉ុន្មានថ្ងៃមុនការបោះឆ្នោតថ្នាក់តំបន់ នៅក្នុងតំបន់ភ្នំហិម៉ាល័យដែលមានជម្លោះ។
គួរបញ្ជាក់ថា តំបន់ Kashmir ផ្នែកដែលត្រូវបានគ្រប់គ្រងដោយឥណ្ឌា បានជួបប្រទះនឹងការកើនឡើងនូវការប៉ះទង្គិចគ្នា រវាងក្រុមឧទ្ទាម និងកងកម្លាំងសន្តិសុខ នៅមុនការមុនការបោះឆ្នោតសភាលើកដំបូង នៅក្នុងតំបន់នេះ រយៈពេល ១ទសវត្សរ៍។
កងទ័ពឥណ្ឌា បានប្រាប់ថា ការប្រយុទ្ធគ្នានេះ បានកើតឡើង កាលពីថ្ងៃសុក្រ (ទី១៣ ខែកញ្ញា) នៅក្នុងស្រុក Kishtwar ហើយបានផ្ដល់ការគោរពដល់ «ការលះបង់ដ៏ខ្ពង់ខ្ពស់បំផុតនៃដួងចិត្តក្លាហានរបស់ទាហានទាំង ២រូប» តាមរយៈការបង្ហោះ នៅលើវេទិកាបណ្ដាញសង្គម X។
តំបន់ Kashmir ដែលពលរដ្ឋភាគច្រើនជាអ្នកកាន់សាសនាអ៊ិស្លាម ត្រូវបានបែងចែក រវាងប្រទេសគូប្រជែងនឹងគ្នា គឺឥណ្ឌា និងប៉ាគីស្ថាន ចាប់តាំងពីទទួលបានឯករាជ្យពីការគ្រប់គ្រងរបស់អង់គ្លេស ក្នុងឆ្នាំ២៩៤៧ ហើយប្រទេសទាំង២ សុទ្ធតែទាមទារគ្រប់គ្រងតំបន់នេះទាំងស្រុងដូចគ្នា។ ក្រុមឧទ្ទាមបានប្រយុទ្ធជាមួយកងកម្លាំងឥណ្ឌាអស់ជាច្រើនទសវត្សរ៍មកហើយ ដោយទាមទារឯករាជ្យ ឬរួមបញ្ចូលជាមួយប៉ាគីស្ថាន។
កងទ័ពឥណ្ឌាប្រហែល ៥០០.០០០នាក់ ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់នេះ ដោយប្រយុទ្ធប្រឆាងនឹងការបះបោររយៈពេល ៣៥ឆ្នាំ ដែលបានសម្លាប់ជនស៊ីវិល ទាហាន និងពួកឧទ្ទាមរាប់ម៉ឺននាក់ គិតចាប់តាំងពីឆ្នាំ១៩៨៩ មក៕

