នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយ នៅថ្ងៃសៅរ៍ (ទី១៤ ខែកញ្ញា) នេះ ប្រមុខអង្គការណាតូ (NATO) បាននិយាយថា សម្ព័ន្ធភាពយោធាលោកខាងលិចមួយនេះ អាចធ្វើការងារច្រើនបន្ថែមទៀត ដើម្បីផ្ដល់អាវុធដល់អ៊ុយក្រែន ដែលកំពុងប្រឹងប្រែងការពារការលុកលុយរបស់រុស្ស៊ី ក្នុងឆ្នាំ២០២២។

ដោយថ្លែងទៅកាន់សារព័ត៌មានចេញផ្សាយប្រចាំសប្តាហ៍របស់អាល្លឺម៉ង់ FAS អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់ថា៖ «ឥឡូវនេះ យើងផ្តល់គ្រឿងយុទ្ធោបករណ៍ធ្វើសង្រ្គាម បន្ទាប់មកយើងអាចផ្តល់គ្រឿងយុទ្ធោបរណ៍ ដើម្បីការពារសង្រ្គាម»។
ជាមួយគ្នានេះ លោក Stoltenberg បានចង្អុលបង្ហាញពីភាពស្ទាក់ស្ទើររបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ក្នុងការផ្តល់អាវុធដែលទីក្រុងគីវ បានស្នើសុំមុនពេលការមានការលុកលុយពេញលេញរបស់រុស្ស៊ី ដោយសារតែមានការភ័យខ្លាចថា ភាពតានតឹងជាមួយរុស្ស៊ីនឹងកើនឡើង។

បន្ទាប់ពីសង្រ្គាម បានចាប់ផ្តើម ទីក្រុងគីវ ដែលមិនមែនជាសមាជិករបស់អង្គការណាតូ ទទួលបានប្រព័ន្ធអាវុធពីមួយទៅមួយពីសម្ព័ន្ធមិត្តរបស់ខ្លួន បន្ទាប់ពីមានការស្ទាក់ស្ទើរនៅពេលដំបូង។
តែយ៉ាងណាក្ដី នៅក្នុងបទសម្ភាសន៍នេះ លោក Stoltenberg បាននិយាយថា ការបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន នឹងសម្រេចបានតែនៅតុចរចាប៉ុណ្ណោះ។ លោកបានប្រាប់ថា៖ «ដើម្បីបញ្ចប់សង្រ្គាមនេះ ត្រូវតែមានការសន្ទនាម្តងទៀតជាមួយរុស្ស៊ី នៅដំណាក់កាលជាក់លាក់មួយ។ ប៉ុន្តែវាត្រូវតែផ្អែកលើកម្លាំងរបស់អ៊ុយក្រែន»៕
