អាជ្ញាធរគ្រាអាសន្ន នៅថ្ងៃសៅរ៍ (ទី១៤ ខែកញ្ញា) នេះ បាននិយាយថា មនុស្សយ៉ាងតិច ៥នាក់ នៅភាគខាងកើតរ៉ូម៉ានី ត្រូវបានប្រទះឃើញស្លាប់ បន្ទាប់ពីព្យុះភ្លៀងបានធ្វើឲ្យមនុស្សជាច្រើនជាប់នៅក្នុងតំបន់លិចទឹកទៅណាមិនរួច។
សេវាកម្មជួយសង្គ្រោះ បានប្រញាប់ប្រញាល់ជួយសង្គ្រោះមនុស្ស ៩៥នាក់ នៅក្នុងតំបន់ភាគខាងកើតប្រទេសដែលរងគ្រោះខ្លាំង គឺទីក្រុង Galati និង Vaslui។ ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីថា តើជនរងគ្រោះស្លាប់យ៉ាងដូចម្ដេច នាយកដ្ឋានទទួលបន្ទុកស្ថានការណ៍សង្គ្រោះបន្ទាន់ ត្រឹមតែបានប្រាប់ថា សពត្រូវបានរកឃើញ នៅក្នុងតំបន់ Pechea, Dragusei, Costache Negri និង Corod។

អាជ្ញាធរសង្គ្រោះបន្ទាន់បានបញ្ចេញវីដេអូឃ្លីបដែលបង្ហាញពីក្រុមអ្នកជួយសង្គ្រោះ បានជម្លៀសបុរសចំណាស់ម្នាក់ នៅលើទូកសង្គ្រោះតូចមួយ មុនពេលដឹកគាត់ទៅកាន់ទីសុវត្ថិភាព។ ឧទ្ធម្ភាគចក្រ Black Hawk ត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុង Galati ដើម្បីជួយក្នុងបេសកកម្មស្វែងរក និងជួយសង្គ្រោះ។
គួរបញ្ជាក់ថា ខ្យល់ព្យុះបានវាយលុកតំបន់ចំនួន ១៩ ក្នុងតំបន់ចំនួន៨ ក្នុងប្រទេសរ៉ូម៉ានី ដោយកម្លាំងខ្យល់បក់បោកខ្លាំង បានធ្វើដើមឈើរាប់សិបដើមដួលរលំ ដែលបានបង្កការខូខាតដល់រថយន្ត ហើយនិងបិទផ្លូវ និងរំខានចរាចរណ៍។
អាជ្ញាធរបានផ្ញើសារជូនដំណឹងដល់អ្នកស្រុក ដើម្បីព្រមានពីអាកាសធាតុអាក្រក់ ខណៈសេវាសង្គ្រោះបន្ទាន់ប្រញាប់ប្រញាល់បង្ហូរទឹកជំនន់ចេញពីផ្ទះម្បែង។ ជាមួយគ្នានេះ គេឃើញថា ផ្លូវមួយចំនួនក៏ត្រូវបានបិទផងដែរ៕
