បាល់ទាត់៖ ពង្រាងកាលវិភាគប្រកួតរដូវកាលក្រោយនៃក្របខណ្ឌ English Premier League ត្រូវបានបែកធ្លាយដែលគេមើលឃើញថា ពេញដោយភាពមមាញឹកមុន និងក្រោយ World Cup ២០២២ ដែលធ្វើឡើងនៅទឹកដីកាតា។
២០២២-២០២៣ នឹងជារដូវកាលដ៏ចម្រូងចម្រាសនៃកាលវិភាគប៉ះគ្នារវាងលីគក្នុងស្រុក និងការប្រកួតអន្តរជាតិរបស់ក្រុមជំរើសជាតិ មិនមែនតែអង់គ្លេសទេគឺភាគច្រើននៃលីគធំៗនៅតំបន់អឺរ៉ុប។ ឆ្នាំក្រោយនេះ World Cup ២០២២ នឹងដំណើរការឡើងខុសប្លែកពីរាល់ដងដោយនឹងចាប់ផ្តើមពីថ្ងៃទី២១ ខែវិច្ឆិកាដល់ថ្ងៃទី១៨ ខែធ្នូ។ សេចក្តីព្រាងកាលវិភាគរបស់ក្របខណ្ឌបាល់ទាត់អង់គ្លេស Premier League ត្រូវបានបែកធ្លាយដូចតទៅ៖ ថ្ងៃទី៦ ខែសីហា ២០២២ English Premier League ចាប់ផ្តើមរដូវកាលថ្មីដោយត្រូវប្រកួតឱ្យគ្រប់ ១៦ជុំមុន World Cup មកដល់នៅខែវិច្ឆិកា។ ថ្ងៃទី២ ខែវិច្ឆិកា ២០២២ UEFA ឯណោះវិញមានគំរោងធ្វើយ៉ាងណាឱ្យចប់ការប្រកួតទាំង ៦ជុំក្នុងពូលនៃក្របខណ្ឌ UEFA Champions League និង UEFA Champions League។ ថ្ងៃទី១២ និង ១៣ ខែវិច្ឆិកាឆ្នាំ២០២២ ជុំទី១៦ របស់ Premier League ត្រូវបញ្ចប់មានន័យថា ថ្ងៃទី១៤ ខែដដែលកីឡាករអាចបំបែកជួរគ្នាទៅប្រមូលផ្តុំជាមួយក្រុមជំរើសជាតិត្រឹម ១សប្តាហ៍ប៉ុណ្ណោះមុន World Cup។
ថ្ងៃទី២១ ខែវិច្ឆិកាដល់ថ្ងៃទី១៨ ខែធ្នូ ២០២២ World Cup ដំណើរការ ប៉ុន្តែក្នុងចន្លោះនោះថ្ងៃទី៤ ខែធ្នូក្របខណ្ឌ League Championship អង់គ្លេសបន្តដំណើរការក្រោយ World Cup បញ្ចប់វគ្គវិលជុំក្នុងពូល។ ថ្ងៃទី២៦ ខែធ្នូ ២០២២ Premier League នឹងចាប់ផ្តើមបន្តប្រកួត ២២ជុំដែលនៅសល់ឱ្យចប់ត្រឹមចុងខែឧសភា ឆ្នាំ២០២៣ ពោលគឺថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២៣ គឺជាជុំចុងក្រោយនៃក្របខណ្ឌ English Premier League។ ថ្ងៃទី៣ ខែមិថុនា ២០២៣ ជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup។ ថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២៣ ជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League។ សូមបញ្ជាក់ថា ពង្រាងកាលវិភាគប្រកួតនេះនឹងត្រូវបញ្ជូនទៅបណ្តាក្លិបឆាប់ៗនេះ ដើម្បីត្រៀមខ្លួនឱ្យបានល្អ ជាពិសេសគំរោងផែនការក្លិបសំរាប់រដូវកាលដ៏មមាញឹកឆ្នាំក្រោយនេះ៕
អត្ថបទ៖នាង សុភាវុធ