ភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបជនសង្ស័យពីរនាក់ភ្លាមៗមុខសញ្ញាឆក់កាបូបអ្នកដំណើរ នៅខណ្ឌចំការមន ។
ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៤៖១០នាទី កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ល្បាតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដល់ចំណុចផ្លូវលេខ៦៣ កែងផ្លូវលេខ៤២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាក HONDA SCOPPY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1KV- 9571 បានធ្វើសកម្មភាពឆក់កាបូបយួរដៃពីបុរសជនរងគ្រោះម្នាក់ដែលនៅក្នុងកង់បីឥណ្ឌា (Passapp) ពណ៌ស មិនបានសម្រេច ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យទាំងពីរនាក់។
ជនសង្ស័យទាំង ២នាក់ ១, ឈ្មោះ ចាន់ តយ អាយុ ២៦ឆ្នាំ ស្នាក់នៅសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ២, ឈ្មោះ ម៉ាត់ ម៉េងហុង អាយុ ២៨ឆ្នាំ រស់នៅភូមិក្ដីតាកុយ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដកហូត ម៉ូតូ ចំនួន១គ្រឿង ម៉ាក HONDA SCOPPY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1KV-9571 ។
ចំពោះជនសង្ស័យកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលការចាត់ការតាមនីតិវិធី៕តារាវុទ្ធី


