ដោយសារតែទឹកជំនន់ នៅភាគឦសានរបស់ប្រទេសនីហ្សេរីយ៉ា កំពុងបង្កើនការព្រួយបារម្ភផ្នែកមនុស្សធម៌ ខណៈមនុស្សរាប់ពាន់នាក់ប្រឈមការជម្លៀសចេញពីទីលំនៅ និងការកើនឡើងខ្លាំងនៃតម្លៃទំនិញបីខ្ទង់ គំរាមកំហែងដល់សន្តិសុខស្បៀងរបស់ប្រជាជន ដែលងាយរងគ្រោះស្រាប់។
អភិបាលរដ្ឋ បូណូ (Borno) បាននិយាយថាទឹកជំនន់ដែលបានជន់លិចទូទាំងរដ្ឋមួយនេះរបស់ប្រទេសនីហ្សេរីយ៉ា បានប៉ះពាល់មនុស្សរហូតដល់ ១ លាននាក់។
នៅឯជំរំនេះក្នុងទីក្រុងម៉ៃឌូហ្គូរី (Maiduguri) កុមារ និងក្រុមគ្រួសារជាច្រើន កំពុងប្រឈមភាពអត់ឃ្លាន ខណៈកង្វះទឹកស្អាតក៏កើតមានផងដែរ។
កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានប្រគល់ជំនួយដល់ជនភៀសខ្លួនកាលពីថ្ងៃសុក្រ។
លោក អេមម៉ានូអែល ប៊ីហ្គេនីម៉ាណា (Emmanuel Bigenimana) ប្រធានការិយាល័យប្រចាំតំបន់ ម៉ៃឌូហ្គូរី បាននិយាយថា មានមនុស្សរាប់សែននាក់ឥឡូវនេះរស់នៅក្នុងជំរំប្រជាជនដែលភៀសខ្លួនក្នុងប្រទេស និងកំពុងបោះជំរំរស់នៅតាមដងផ្លូវ។
តំបន់នេះ បាននិងកំពុងប្រឈមជម្លោះអស់រយៈពេលមួយទសវត្សរ៍មកហើយ។ថ្មីៗនេះ យើងបានឃើញអតិផរណាម្ហូបអាហារ តម្លៃម្ហូបអាហារបានកើនឡើងយ៉ាងខ្លាំង ហើយពិតជាប៉ះពាល់ដល់មនុស្សរាប់លាននាក់ ដែលកំពុងប្រឈមនឹងអសន្តិសុខស្បៀង៕