ក្រុមមន្ត្រីបារាំងបាននិយាយថា មនុស្សមួយចំនួនបានស្លាប់ ខណៈកំពុងព្យាយាមឆ្លងកាត់ច្រកសមុទ្រទាំងយប់អធ្រាត្រ ឆ្លងចូលថ្ងៃអាទិត្យ ពីប្រទេសបារាំង ទៅកាន់អង់គ្លេស។
អភិបាលតំបន់ ប៉ាស ឌើ កាឡៃស៍ (Pas-de-Calais) បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ដោយពុំបានបញ្ជាក់ចំនួនជនរងគ្រោះថា ជនអន្តោប្រវេសន៍មួយចំនួនបានបាត់បង់ជីវិត ។
ឧបទ្ទវហេតុនេះកើតឡើងជាងមួយសប្តាហ៍បន្ទាប់ពីមនុស្ស ១២ នាក់រួមទាំងកុមារ ៦ នាក់និងស្ត្រីមានផ្ទៃពោះម្នាក់ បានស្លាប់នៅពេលដែលទូកដឹកជនអន្តោប្រវេសន៍រាប់សិបនាក់បានលិចនៅក្បែរឆ្នេរសមុទ្ររបស់ប្រទេសបារាំង។
ឧបទ្ទវហេតុកាលពីថ្ងៃទី ៣ ខែកញ្ញា គឺជាការបាត់បង់ជីវិតដ៏គួរឱ្យរន្ធត់បំផុតនៅច្រកសមុទ្រ ក្នុងឆ្នាំនេះ។
ក្រុមអាជ្ញាធរដែនសមុទ្របារាំងបាននិយាយកាលពីថ្ងៃសៅរ៍ថាមនុស្ស ២០០ នាក់ត្រូវបានជួយសង្គ្រោះក្នុងរយៈពេល ២៤ ម៉ោងក្នុងរវាងថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្ដាហ៍នេះ៕