យោធារបស់ប្រទេសចិនកាលពីថ្ងៃសៅរ៍ ១៤ កញ្ញា បានថ្កោលទោសនាវាកងទ័ពជើងទឹកអាល្លឺម៉ង់ពីរគ្រឿង ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដោយនិយាយថាប្រទេសនេះ បង្កើនហានិភ័យសន្តិសុខ និងបានបញ្ជូនសញ្ញាខុស ដោយបន្ថែមថាកងកម្លាំងចិន បានត្រួតពិនិត្យ និងព្រមាននាវាទាំងនោះ។
ចិន ដែលអះអាងសិទ្ធិលើកោះតៃវ៉ាន់គ្រប់គ្រងតាមបែបប្រជាធិបតេយ្យថាជាទឹកដីរបស់ខ្លួន បាននិយាយថា ទង្វើអាល្លឺម៉ង់បំពានអធិបតេយ្យភាព និងយុត្តាធិការលើច្រកសមុទ្រនេះ។
ទាំងសហរដ្ឋអាមេរិក និងទាំងកោះតៃវ៉ាន់ បាននិយាយថា ច្រកសមុទ្រ ជាផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយ ដែលប្រហែលពាក់កណ្តាលនៃនាវាកុងតឺន័រពិភពលោកឆ្លងកាត់ គឺជាផ្លូវទឹកអន្តរជាតិ។
ទីបញ្ជាការភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បាននិយាយថា ការឆ្លងកាត់នៃនាវាទាំងពីរ គឺនាវាចម្បាំង និងនាវាផ្គត់ផ្គង់ គឺជាការបំភាន់សាធារណជន ហើយថាកងទ័ពជើងទឹក និងអាកាសរបស់ខ្លួន បានត្រួតពិនិត្យ និងព្រមានពួកគេយ៉ាងម៉ឺងម៉ាត់។
កងទ័ពរំដោះប្រជាជនចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាកប្បកិរិយារបស់ភាគីអាល្លឺម៉ង់ បង្កើនហានិភ័យសន្តិសុខ និងបញ្ជូនសញ្ញាខុស។
កងកម្លាំងចិន ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា ហើយនឹងប្រឆាំងដាច់ខាតរាល់ការគំរាមកំហែង និងការបង្កហេតុពីកម្លាំងខាងក្រៅ៕