ភ្នំពេញ ÷ ឯកឧត្តម ជា វុទ្ធី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌមានជ័យ បានណែនាំដល់បងប្អូនប្រជាពលរដ្ឋជាអាណាព្យាបាលត្រូវចូលរួមទប់ស្កាត់បញ្ហាគ្រឿងញៀនក្នុងសហគមន៍។
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ជា វុទ្ធី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌមានជ័យ រាជធានីភ្នំពេញ និងឯកឧត្តម យុន ហេង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌមានជ័យ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២ បានដឹកនាំក្រុមការងារ សប្បុរសជនមកពីសហរដ្ឋអាមេរិក ដែលមានលោក Gary ព្រមទាំងការចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងក្រុមសមាគមសមាធិព្រះពុទ្ទសាសនាអន្តរជាតិ រួមទាំងអង្គការសង្គ្រោះជនរងគ្រោះ (Rescue Task Force) ដើម្បីជួបសំណេះសំណាល និងចែកអំណោយគ្រឿងឧបភោគ បរិភោគ រួមទាំងថវិកាជូនប្រជាពលរដ្ឋក្រីក្រចំនួន៥០គ្រួសារ។
នាឱកាសនោះ ឯកឧត្តម ជា វុទ្ធី មានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានជួបបងប្អូនប្រជាពលរដ្ឋចំនួន៥០គ្រួសារ ក្នុងចំណោមសរុប៤០០គ្រួសារ និងបានពាំនាំនូវការផ្តាំសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ឯកឧត្តម មានប្រសាសន៍ថា ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល និងក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌមានជ័យ គឺរាជរដ្ឋាភិបាលបានគិតគួរខ្ពស់ចំពោះសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ រួមទាំងការយកចិត្តទុកដាក់លើវិស័យអប់រំ ជាពិសេសគ្រួសារខ្វះខាត និងកពិងមានតម្រូវការក្នុងការជួយជ្រោមជ្រែងលើការសិក្សារបស់កូនចៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជាមួយគ្នានោះ ឯកឧត្តម ជា វុទ្ធី បានណែនាំដល់ប្រជាពលរដ្ឋត្រូវជំរុញ និងបណ្តុះបណ្តាលកូនៗ ក្នុងការទទួលបានការអប់រំឱ្យបានកាន់តែប្រសើរ ដើម្បីឱ្យពួកគាត់ក្លាយជាធនធានមនុស្សឆ្លើយតបទៅនឹងតម្រូវការ និងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល សំដៅជំរុញយុវជនទទួលបានការអប់រំខ្ពស់សម្រាប់ជាទុនធ្វើឱ្យជីវភាពល្អប្រសើរ។
ឯកឧត្តម បានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់បញ្ហាប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍មូលដ្ឋាន ដោយអាណាព្យាបាលទាំងអស់ត្រូវតាមដាន និងមានការប្រុងប្រយ័ត្នចំពោះកូនៗរបស់ខ្លួន។
ឯកឧត្តម បន្តថា ក្នុងពេលបច្ចុប្បន្នស្ថិតក្នុងរដូវវស្សា ដូចនេះការថែទាំសុខភាពពិតជាសំខាន់ណាស់ ដែលបងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ខ្ពស់ ជាពិសេសត្រូវថែទាំសុខភាពសម្រាប់ធានាដល់ជីវភាពប្រចាំថ្ងៃ។
ជាចុងក្រោយ ឯកឧត្តម ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌមានជ័យ បានរម្លឹកថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺមិនមានអ្នកដឹកនាំណាដែលអាចរក្សាសុខសន្តិភាពមកដល់ពេលបច្ចុប្បន្ន ដូចសម្តេចតេជោ ហ៊ុន សែន ឡើយ ជាពិសេសបើប្រៀបធៀបទៅនឹងសម័យកាលមុនៗ ដូច្នេះប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមខិតខំថែរក្សាសុខសន្តិភាពនេះឱ្យបានស្ថិរស្ថេរ។












