ម៉ិកស៊ិក៖ រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃពុធថា ឧក្រិដ្ឋកម្មរត់ពន្ធមនុស្សនៅម៉ិកស៊ិកនៅឆ្នាំនេះមានចំនួនច្រើនជាងបីដងចាប់តាំងពីឆ្នាំ២០២០ ខណៈប្រទេសនេះកំពុងប្រឹងប្រែងទប់ទល់នឹងការកើនឡើងដ៏ខ្ពស់ នៃការធ្វើអន្តោប្រវេសន៍ខុសច្បាប់នៅព្រំដែនសហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីសន្តិសុខម៉ិកស៊ិក លោកស្រី Rosa Icela Rodriguez បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា នៅចន្លោះខែមករា និងសីហា ម៉ិកស៊ិកបានកត់ត្រាករណីឧក្រិដ្ឋកម្មរត់ពន្ធមនុស្សកើនឡើង ២២៨% ពីចំនួន ៣៧៦ករណីដែលបានកត់ត្រាក្នុងកំឡុងពេលដូចគ្នាក្នុងឆ្នាំ២០២០។ ក្រុមមន្ត្រីរដ្ឋាភិបាលនិយាយថា ជនអន្តោប្រវេសន៍ជាច្រើនបានបង់ប្រាក់ឱ្យទៅក្រុមមនុស្សរត់ពន្ធ ដើម្បីធ្វើដំណើរតាមផ្លូវដ៏គ្រោះថ្នាក់ពីព្រំដែនភាគខាងត្បូងប្រទេសម៉ិកស៊ិក ជាប់ជាមួយប្រទេសហ្គាតេម៉ាឡាដើម្បីចូលទៅកាន់សហរដ្ឋអាមេរិក។
កាលពីសប្តាហ៍មុន ជនអន្តោប្រវេសន៍ហៃទីរាប់ពាន់នាក់បានឆ្លងកាត់ប្រទេសម៉ិកស៊ិក-អាមេរិក នៅទីក្រុងព្រំដែន Del Rio រដ្ឋតិចសាស់ ធ្វើឲ្យប្រធានាធិបតីអាមេរិកលោក Joe Biden និងលោកប្រធានាធិបតីម៉ិកស៊ិករងសម្ពាធ និងឈឺក្បាលផ្នែកសិទ្ធិមនុស្សថ្មី។ ប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានរៀបចំ ដើម្បីបញ្ជូនជនអន្តោប្រវេសន៍ហៃទីចេញពីជំរំព្រំដែនអាមេរិក-ម៉ិកស៊ិក ទោះបីជាសម្ពាធបានកើនឡើងលើលោក Biden ដើម្បីបញ្ឈប់ការបណ្តេញជនជាតិហៃទីត្រឡប់ទៅប្រទេសកំណើតដែលក្រីក្រ និងជីវភាពលំបាករបស់ពួកគេវិញក៏ដោយ៕
អត្ថបទ៖ សុខមាន