ចំនួនអ្នកស្លាប់បានកើនឡើងដល់៨នាក់ហើយ ក្រោយត្រូវបានបញ្ជាក់ថា បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ដ៏បំផ្លិចបំផ្លាញនៅក្នុងសាធារណរដ្ឋឆែក ប៉ូឡូញ និងរូម៉ានី និងអូទ្រីស កាលពីថ្ងៃអាទិត្យ ស្របពេលក្រុមអាជ្ញាធរនៅតាមដងទន្លេ ដាញូប (Danube) បានបញ្ជាឱ្យមានការជម្លៀសពលរដ្ឋចេញពីលំនៅឋានដែលប្រឈមគ្រោះមហន្តរាយនឹងទឹកជំនន់បន្ថែមទៀត ខណៈមនុស្សមួយចំនួននៅបាត់ខ្លួននៅឡើយ។

មនុស្ស៦នាក់បានបាត់បង់ជីវិតនៅភាគខាងកើតប្រទេសរ៉ូម៉ានី និងមនុស្សម្នាក់ស្លាប់នៅប៉ូឡូញ។ អនុអធិការបតីអូទ្រីសលោក វ៉េនើ កុងក្លើ ( Werner Kogler )បានសរសេរនៅលើបណ្ដាញសង្គមX កាលពីថ្ងៃអាទិត្យថា នៅប្រទេសអូទ្រីស អ្នកពន្លត់អគ្គិភ័យម្នាក់បានស្លាប់ពេលកំពុងឆ្លើយតបនឹងទឹកជំនន់នៅទីនោះ។

ប្រទេសប៉ូឡូញ និងសាធារណរដ្ឋឆែកបានបញ្ជាឱ្យមានការជម្លៀសចេញពីទីប្រជុំជនជាច្រើនដែលត្រូវបានទឹកជន់លិច ខណៈផ្លូវនានាត្រូវបានបិទ ហើយព្រឹត្តិការណ៍នានាត្រូវបានលុបចោល។ ក្រុមអាជ្ញាធរបានប្រកាសខេត្តជុំវិញទីក្រុងវីយែន(Vienna) ជាតំបន់គ្រោះមហន្តរាយ។
ទន្ទឹមនឹងនេះដែរ នៅប្រទេសស្លូវ៉ាគី ការជម្លៀសបានចាប់ផ្តើមនៅក្នុងតំបន់ហ្សាហូរី (Záhorie)ភាគ ខាងលិចតាមព្រំដែនសាធារណរដ្ឋឆែក នៅតំបន់ភ្នំគីស៊ូស ( Kysuce) នៅតាមព្រំដែនប៉ូឡូញ និងផ្នែកខ្លះនៃរដ្ឋធានី ប្រាទីស្លាវ៉ា (Bratislava) ប្រទេសស្លូវ៉ាគី ដែលស្ថិតនៅចំណុចប្រសព្វនៃទន្លេ ដាញូប (Danube) និង ទន្លេ ម៉ូរ៉ាវ៉ា (Morava) នៅអឺរ៉ុបកណ្ដាល៕