ព្យុះទីហ្វុង ប៊ីប៊ីនកា (Bebinca) ប្រភេទទី១ បានបោកបក់ដល់ដីនៅក្នុងទីក្រុងសៀងហៃ នៅព្រឹកថ្ងៃចន្ទ (១៦ កញ្ញា) នេះ ដែលជាព្យុះស៊ីក្លូនត្រូពិចដ៏មានឥទ្ធិពលបំផុតដែលបានវាយប្រហារដោយផ្ទាល់លើមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសចិន ក្នុងរយៈពេលជាង ៧ទសវត្សរ៍។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ដោយនាំមកនូវល្បឿនខ្យល់ដ៏ខ្លាំងក្លា ១៥១គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះ Bebinca បានបោកបក់ដល់ដីនៅក្នុងទីក្រុងដែលមានប្រជាជនជិត ២៥លាននាក់មួយនេះនៅជុំវិញម៉ោង ៧:៣០ព្រឹក (ម៉ោងក្នុងស្រុក) ដែលជាព្យុះដ៏ខ្លាំងបំផុតដែលបានវាយប្រហារក្រុងសៀងហៃ ចាប់តាំងពីព្យុះទីហ្វុង គ្លូរៀ (Gloria) ក្នុងឆ្នាំ១៩៤៩មក។

ទីក្រុងសៀងហៃ កម្រទទួលរងការវាយប្រហារដោយផ្ទាល់ពីព្យុះទីហ្វុងខ្លាំងណាស់ ដែលជាទូទៅតែងតែបក់ដល់ដីគោកនៅចុងភាគខាងត្បូងនៃប្រទេសចិន ឆ្ងាយពីទីក្រុង ដូចជាព្យុះ Yagi ជាដើម ដែលជាព្យុះដ៏បំផ្លិចបំផ្លាញប្រភេទទី៤ បោកបក់កាត់ខេត្ត Hainan ភាគខាងត្បូងកាលពីសប្តាហ៍មុន។

ជើងហោះហើររាប់រយត្រូវបានលុបចោលពីអាកាសយានដ្ឋានពីររបស់ទីក្រុងចាប់តាំងពីយប់ថ្ងៃអាទិត្យ ហើយស្ថានីយ៍រថភ្លើងក្រុងសៀងហៃ បានផ្អាកសេវាកម្មផ្លូវដែកមួយចំនួន។ ការរំខានទាំងនេះកើតឡើងនៅពេលដែលប្រទេសចិន ប្រារព្ធពិធីបុណ្យជាតិរយៈពេលបីថ្ងៃគឺបុណ្យពាក់កណ្តាលសរទរដូវ៕