លោកប្រធានាធិបតី Volodymyr Zelenskiy បានប្រាប់ទូរទស្សន៍ CNN នៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា កងទ័ពអ៊ុយក្រែន កំពុងទទួលរងការខាតបង់ធ្ងន់ធ្ងរ ដោយសារតែការមកដល់នៃអាវុធរបស់លោកខាងលិចយឺតយ៉ាវពេក មិនទាន់ពេលវេលាសម្រាប់ការបំពាក់ដល់កងកម្លាំងប្រដាប់អាវុធឱ្យបានត្រឹមត្រូវ។

រុស្ស៊ី បាននិងកំពុងដណ្តើមយកទឹកដីនៅផ្នែកខ្លះនៃភាគខាងកើតអ៊ុយក្រែន រួមទាំងជុំវិញតំបន់ ប៉ូក្រូវស៍(Pokrovsk)។ ការដណ្ដើមយកមជ្ឈមណ្ឌលដឹកជញ្ជូន អាចធ្វើឱ្យទីក្រុងមូស្គូមានលទ្ធភាពបើកការវាយប្រហារថ្មី។

លោក Zelenskiy បាននិយាយថាស្ថានភាពនៅភាគខាងកើតគឺ តឹងតែងណាស់ ដោយបន្ថែមថាពាក់កណ្តាលនៃកងពលតូចរបស់អ៊ុយក្រែននៅទីនោះពុំត្រូវបានបំពាក់អាវុធគ្រប់គ្រាន់ទេ។

ក្នុងបទសម្ភាសន៍ ធ្វើឡើងកាលពីថ្ងៃសុក្រជាមួយទូរទស្សន៍ CNN លោក Zelenskiy បាននិយាយថា យើងបាត់បង់មនុស្សជាច្រើន។ យើងបាត់បង់មនុស្សដោយសារតែពួកគេមិននៅក្នុងរថយន្តប្រយុទ្ធ ។ពួកគេមិនមានកាំភ្លើងធំ និងគ្រាប់ទេ។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះបាននិយាយថា កញ្ចប់ជំនួយសព្វាវុធដែលសន្យាដោយសហរដ្ឋអាមេរិក និងប្រជាជាតិអឺរ៉ុបបានមកដល់យឺតណាស់។
លោកថាយើងត្រូវការកងពលតូចចំនួន ១៤ ត្រៀមខ្លួន។ រហូតមកដល់ពេលនេះ យើងមិនបានបំពាក់អាវុធដល់ពួកគេសូម្បីតែ៤កងពលតូច។
ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan កាលពីថ្ងៃសៅរ៍បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើការលើកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែន៕