អាជ្ញាធរពន្ធនាគារ បាននិយាយ កាលពីថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ថា ទឹកជំនន់ដ៏មហន្តរាយ បានធ្វើឲ្យបាក់រលំជញ្ជាំងនៅពន្ធនាគារមួយកន្លែងក្នុងទីក្រុង Maiduguri នៅភាគឦសានប្រទេសនីហ្សេរីយ៉ា បណ្តាលឱ្យអ្នកទោសចំនួន២៨១នាក់ អាចរត់គេចខ្លួនបាន។
លោក Umar Abubakar អ្នកនាំពាក្យអង្គភាពសេវាកែប្រែ នៅប្រទេសនីហ្សេរីយ៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នកទោសចំនួនប្រាំពីរនាក់ក្នុងចំណោមអ្នកទោសទាំងអស់ដែលបានរត់គេចខ្លួន ត្រូវបានចាប់ខ្លួនមកវិញ នៅក្នុងប្រតិបត្តិការធ្វើឡើងដោយទីភ្នាក់ងារសន្តិសុខ។
លោក Abubakar បាននិយាយថា ទឹកជំនន់បានធ្វើឱ្យជញ្ជាំងបាក់រលំ នៅអគារមណ្ឌលកែប្រែ រួមទាំងមជ្ឈមណ្ឌលសន្តិសុខពន្ធនាគារកម្រិតមធ្យម ព្រមទាំងទីតាំងស្នាក់នៅរបស់បុគ្គលិក។
