ក្រុមការងារបច្ចេកទេសអន្តរក្រសួង បានបើកកិច្ចប្រជុំលើកទី១ លើការរៀបចំផែនការជាតិ ស្តីពី ការបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ ២០២៤-២០២៨។ កិច្ចប្រជុំនេះ បានប្រារព្ធធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ជាប្រធាន។
ឯកឧត្តម គីម សុវណ្ណឌី បានបញ្ជាក់ថា កិច្ចប្រជុំលើកទី១ សម្រាប់ក្រុមការងារអន្តរក្រសួងនាពេលនេះ ក្នុងគោលបំណងបង្ហាញសមាសភាព ក្រុមការងារបច្ចេកទេសរៀបចំផែនការសកម្មភាពជាតិ ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ សម្រាប់ឆ្នាំ២០២៤-២០២៨ រួមទាំងការវាយតម្លៃពាក់កណ្តាលអាណត្តិ នៃការអនុវត្តផែនការសកម្មភាព ដែលបានបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញនាអាណត្តិកន្លងមកផងដែរ ពោលគឺចាប់ពីឆ្នាំ២០២១-២០២៥ ដើម្បីផ្តល់ជាធាតុចូលលើផែនការសម្រាប់អាណត្តិថ្មីនេះ៕