មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ ថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន មានធនធានគ្រប់គ្រាន់ដើម្បីបន្តប្រយុទ្ធជាមួយអ៊ីស្រាអែល ទោះបីជាបាត់បង់ច្រើនក្នុងរយៈពេលជាង១១ខែនៃសង្គ្រាមនៅតំបន់ហ្កាហ្សាក៏ដោយ។
លោក Osama Hamdan បាននិយាយនៅក្នុងទីក្រុង Istanbul ថា «ការតស៊ូមានសមត្ថភាពខ្ពស់ដើម្បីបន្ត»។

លោក Hamdan បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ និងរងរបួស គឺតិចជាងអ្វីដែលត្រូវបានរំពឹងទុកនៅក្នុងសមរភូមិ។ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បានចាប់ផ្តើមប្រតិបត្តិការយោធាសងសឹក ដើម្បីកម្ទេចក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមនេះ ទៅលើអ៊ីស្រាអែលភាគខាងត្បូង បណ្តាលឱ្យមនុស្សស្លាប់ចំនួន១.២០៥នាក់ ភាគច្រើនជាជនស៊ីវិល នេះបើយោងតាមការសរុបរបស់សារព័ត៌មាន AFP ដោយផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអែល។

យុទ្ធនាការយោធារបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤១.២០៦នាក់ នៅក្នុងតំបន់ហ្កាហ្សា នេះបើយោងតាមអាជ្ញាធរសុខាភិបាលនៃដែនដីគ្រប់គ្រងដោយក្រុមហា។
ក្រុមសកម្មប្រយុទ្ធ ក៏បានចាប់ចំណាប់ខ្មាំងចំនួន២៥១នាក់ កាលពីថ្ងៃទី៧ ខែតុលា ដែលក្នុងនោះ៩៧នាក់ នៅតែត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សានៅឡើយ ខណៈ៣៣នាក់ត្រូវបានយោធាអ៊ីស្រាអែលនិយាយថាបានស្លាប់។