ប្រធានចារកម្មអ៊ុយក្រែន បាននិយាយកាលពីថ្ងៃសៅរ៍ (១៤ កញ្ញា) ថា កំណើននៃការផលិតគ្រាប់បែកកំណត់គោលដៅរបស់រុស្ស៊ី ក៏ដូចជាការបញ្ជូនគ្រាប់រំសេវកាំភ្លើងធំពីកូរ៉េខាងជើង បង្ហាញយ៉ាងច្បាស់ពីឧបសគ្គដ៏ធំសម្រាប់កងកម្លាំងអ៊ុយក្រែននៅលើសមរភូមិ។

ប្រធានទីភ្នាក់ងារចារកម្មយោធា GUR របស់អ៊ុយក្រែន លោក គីរីឡូ ប៊ូដានូវ (Kyrylo Budanov) បាននិយាយថា ជំនួយយោធារបស់កូរ៉េខាងជើង ដល់ប្រទេសរុស្ស៊ី បង្ហាញពីក្តីបារម្ភដ៏ធំបំផុត បើប្រៀបធៀបទៅនឹងការគាំទ្រ ដែលផ្តល់ដោយសម្ព័ន្ធមិត្តផ្សេងទៀតរបស់ទីក្រុងមូស្គូ។

លោកបាននិយាយថា៖ «ពួកគេផ្គត់ផ្គង់គ្រាប់កាំភ្លើងធំដែលមានសារៈសំខាន់សម្រាប់រុស្ស៊ី» ដោយចង្អុលទៅការកើនឡើងនៃអរិភាពក្នុងសមរភូមិដ៏តានតឹង បន្ទាប់ពីការដឹកបញ្ជូនបែបនេះ។

អ៊ុយក្រែន និងសហរដ្ឋអាមេរិក ក្នុងចំណោមប្រទេសផ្សេងទៀត រួមទាំងក្រុមអ្នកវិភាគឯករាជ្យ បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងជួយរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន តាមរយៈការផ្គត់ផ្គង់មីស៊ីល និងគ្រាប់រំសេវ ជាថ្នូរនឹងជំនួយសេដ្ឋកិច្ច និងយោធាផ្សេងទៀតពីទីក្រុងមូស្គូ ប៉ុន្តែភាគីទាំងពីរបានបដិសេធ៕