ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងអ្នកនយោបាយជាន់ខ្ពស់ជាច្រើនរូបទៀតកាលពីថ្ងៃអាទិត្យ (១៥ កញ្ញា) បានសម្ដែង «ការធូរចិត្ត» និងត្រេកអរដែលបេក្ខជនប្រធានាធិបតីនៃបក្សសាធារណរដ្ឋ លោក Donald Trump មិនមានគ្រោះថ្នាក់ បន្ទាប់ពីអង្គភាព FBI បានរារាំងអ្វីដែលហាក់ដូចជាការប៉ុនប៉ងធ្វើឃាត ខណៈពេលលោកកំពុងលេងកីឡាវាយកូនហ្គោលនៅក្រុង West Palm Beach រដ្ឋ Florida ។

នៅក្នុងការបង្ហោះជាបន្តបន្ទាប់នៅលើគណនី X ផ្លូវការរបស់ខ្លួន លោក Biden បាននិយាយថា លោកបានបញ្ជាក្រុមការងារដើម្បីធានាថាសេវាសម្ងាត់មានធនធានដែលត្រូវការដើម្បីធានាសុវត្ថិភាពរបស់លោក Trump ហើយមានអារម្មណ៍ធូចិត្តដែលលោកមិនមានគ្រោះថ្នាក់។

បេក្ខភាពប្រធានាធិបតីនៃបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris បានលើកឡើងថា «ខ្ញុំរីករាយដែលគាត់មានសុវត្ថិភាព»។ ដៃគូរបស់លោកស្រី Harris គឺលោក Tim Walz និងមិត្តរួមដំណែងរបស់លោក Trump គឺលោក JD Vance បានសម្ដែងក្ដីរីករាយដែលលោក Trump ពុំមានគ្រោះថ្នាក់ ខណៈអ្នកនយោបាយផ្សេងទៀតក៏បានបង្ហាញក្ដីបារម្ភរបស់ពួកគេផងដែរ។
គួររម្លឹកថា ភ្នាក់ងារសេវាសម្ងាត់បានប្រទះឃើញ និងបាញ់ទៅលើខ្មាន់កាំភ្លើងម្នាក់នៅក្នុងគុម្ពោតព្រៃក្បែរទីលានវាយកូនហ្គោលនោះ ដែលមានចម្ងាយពីរបីរយម៉ែត្រប៉ុណ្ណោះពីទីតាំងលោក Trump។ ជនសង្ស័យបានបន្សល់ទុកកាំភ្លើង AK-47 មួយដើម និងសម្ភារមួយចំនួនទៀតនៅកន្លែងកើតហេតុ ហើយជិះរថយន្តគេចខ្លួន ប៉ុន្តែក្រោយមកត្រូវបានចាប់ខ្លួន។

ការប៉ុនប៉ងធ្វើឃាតលើលោក Trump នេះបានកើតឡើងត្រឹមតែ ២ខែប៉ុណ្ណោះ បន្ទាប់ពីលោកបានរួចរស់ជីវិតពីការបាញ់ប្រហារក្នុងឯការជួបជុំយុទ្ធនាការមួយនៅរដ្ឋ Pennsylvania ដោយបានរងរបួសតិចតួចនៅត្រចៀកខាងស្តាំ៕