នគរបាលប្រទេសកេនយ៉ា បាននិយាយថា ពួកគេបានបង្កើនសន្តិសុខនៅទូទាំងប្រទេស ក្នុងពេលមានការគំរាមកំហែងថ្មីៗពីក្រុមភេរវករ។ លោក Resila Onyango អ្នកនាំពាក្យអង្គភាពសេវានគរបាលជាតិ (NPS) បានធានាឡើងវិញដល់សាធារណជនអំពីសុវត្ថិភាពរបស់ពួកគេ បន្ទាប់ពីការព្រមានដ៏គួរឱ្យជឿជាក់ថា ក្រុមសកម្មប្រយុទ្ធ al-Shabab កំពុងរៀបចំផែនការវាយប្រហារថ្មីនៅក្នុងរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា និងទីក្រុងផ្សេងៗទៀតនៅទូទាំងប្រទេសអាហ្វ្រិកខាងកើតមួយនេះ។

លោក Onyango បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយ ក្នុងទីក្រុង ណៃរ៉ូប៊ី ថា មន្រ្តីនគរបាលត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស នៅតែមានការប្រុងប្រយ័ត្នដើម្បីការពារប្រទេស ដែលបានប្រឈមមុខនឹងការគំរាមកំហែងភេរវកម្មកាន់តែខ្លាំងឡើងពីក្រុម al-Shabab ។ អ្នកនាំពាក្យនគរបាលរូបនេះ បានអំពាវនាវដល់សាធារណជន ឲ្យចូលរួមសហការជាមួយនគរបាល ដោយរាយការណ៍ពីសកម្មភាព ឬបុគ្គលណាមួយគួរឲ្យសង្ស័យ ទៅកាន់ប៉ុស្តិ៍នគរបាល ដែលនៅជិតបំផុត ឬលេខទូរសព្ទដោយមិនគិតថ្លៃ។

លោក Onyango បាននិយាយថា អង្គភាពសេវានគរបាលជាតិ កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារសន្តិសុខផ្សេងៗទៀតនៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ព្រមទាំងសមាជិកសាធារណៈ។
ស្ថានទូតសហរដ្ឋអាមេរិក នៅក្នុងការប្រកាសអាសន្នផ្នែកសន្តិសុខ ដែលបានចេញកាលពីថ្ងៃសុក្រ សប្តាហ៍មុន បានណែនាំដល់ពលរដ្ឋរបស់ខ្លួនឱ្យប្រុងប្រយ័ត្នចំពោះការចាប់ជំរិត និងការវាយប្រហារដែលអាចកើតមាន លើតំបន់មានភ្ញៀវទេសចរច្រើន។
ស្ថានទូត បានណែនាំពលរដ្ឋរបស់ខ្លួន ឱ្យមានការប្រុងប្រយ័ត្នដូចជានៅ សណ្ឋាគារ ស្ថានទូត ភោជនីយដ្ឋាន ផ្សារទំនើប ផ្សារ សាលារៀន ប៉ុស្តិ៍នគរបាល និងទីតាំងគោរពបូជា ព្រោះទីតាំងទាំងនេះ អាចជាគោលដៅដែលអាចកើតមានសម្រាប់ការវាយប្រហារភេរវកម្ម។