អង្គភាព FBI បាននិយាយកាលពីថ្ងៃអាទិត្យ (១៥ កញ្ញា) ថាខ្លួនកំពុងវាយតម្លៃភាពជឿជាក់នៃការគំរាមកំហែងប្រឆាំងនឹងជនជាតិហៃទី នៅសាកលវិទ្យាល័យ វីតធិនប៊ឺក (Wittenberg) បន្ទាប់ពីការអះអាងដោយគ្មានមូលដ្ឋានពីបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump ថាជនអន្តោប្រវេសន៍នៅក្នុងទីក្រុង ស្ព្រីងហ្វៀល (Springfield) រដ្ឋ Ohio កំពុងបរិភោគសត្វឆ្មា និងសត្វសុខនរបស់អ្នកស្រុក។

ការគំរាមបើកការបាញ់ប្រហារលើជនអន្តោប្រវេសន៍ហៃទី បានបង្ខំសាកលវិទ្យាកល័យមួយនេះត្រូវបិទទ្វារយៈពេលមួយថ្ងៃ។ ការចូលរួមរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI កើតឡើងបន្ទាប់ពីការគំរាមកំហែងស្រដៀងគ្នាដែលបានធ្វើឡើងប្រឆាំងនឹងជនអន្តោប្រវេសន៍នៅក្នុងទីក្រុង បន្ទាប់ពីលោក Trump និងព្រឹទ្ធសមាជិកមកពីបក្សសាធារណរដ្ឋ លោក ជេឌី វែនស៍ (JD Vance) នៃរដ្ឋ Ohio បានសង្កត់ធ្ងន់លើការអះអាងមិនពិតដែលថាជនជាតិហៃទីដែលតាំងលំនៅក្នុងទីក្រុង កំពុងបរិភាគសត្វចិញ្ចឹមរបស់អ្នកស្រុក។

សាកលវិទ្យាល័យ Wittenberg បានប្រកាសលុបព្រឹត្តិការណ៍ទាំងអស់នៅថ្ងៃអាទិត្យ បន្ទាប់ពីការគំរាមកំហែងតាមអ៊ីមែលនោះ ហើយព្រមានសិស្សនិស្សិតមហាវិទ្យាល័យនិងបុគ្គលិកឱ្យអនុវត្តការប្រុងប្រយ័ត្ននៅក្នុងបរិវេណសាលា។ ឥឡូវនេះ ប្រជាជនហៃទី ក្នុងទីក្រុង Springfield និយាយថាពួកគេបារម្ភពីសុវត្ថិភាពខ្លាំងណាស់។
អ្នកនាំពាក្យសាកលវិទ្យាល័យ លោកស្រី ឃែរិន ហ្គើប៉ូត (Karen Gerboth) បាននិយាយកាលពីថ្ងៃអាទិត្យថា សាកលវិទ្យាល័យបានទទួលការគំរាមកំហែងជាលើកទីពីរ «ប៉ុន្តែត្រូវបានជម្រះយ៉ាងឆាប់រហ័សនៅក្នុងបរិវេណសាលា»។ សាកលវិទ្យាល័យក៏បាននិយាយផងដែរនៅក្នុងបច្ចុប្បន្នភាពរបស់ខ្លួនថា យ៉ាងហោចណាស់បរិវេណសាលាក្នុងតំបន់ដែលមិនបញ្ចេញឈ្មោះមួយផ្សេងទៀតបានទទួលការគំរាមកំហែងស្រដៀងគ្នានេះ៕