នគរបាលបារាំងនិយាយថាមនុស្ស៨នាក់បានស្លាប់អំឡុងព្យាយាមឆ្លងច្រកសមុទ្រទាំងយប់រំលងអធ្រាត្រកាលពីថ្ងៃអាទិត្យ ពីប្រទេសបារាំង ទៅកាន់អង់គ្លេស។

ក្រុមសេវាសង្រ្គោះ ត្រូវបានប្រកាសអាសន្ន ក្រោយទូកដឹកជនអន្តោប្រវេសន៍រសាត់ចូលដែនទឹកមានស្ថានភាពលំបាកខ្លាំងនៅភាគខាងជើងតំបន់ ប៉ាស់ ឌើ កាឡៃស៍(Pas-de-Calais ) ប្រទេសបារាំង បន្ទាប់ពីម៉ោង១ម៉ោងក្នុងស្រុក។
ទូកជ័រនោះបានដឹកមនុស្សប្រមាណ៦០នាក់មកពីប្រទេសជាច្រើនរួមទាំងអេរីទ្រី ស៊ូដង់ ស៊ីរី និងអ៊ីរ៉ង់។
ឧបទ្ទវហេតុនេះបានកើតឡើង មិនដល់២សប្ដាហ៍ផង ក្រោយមនុស្ស១២នាក់ រួមទាំងកុមារ៦នាក់ និងស្ត្រីមានផ្ទៃពោះម្នាក់ បានស្លាប់ នៅពេលទូកមួយគ្រឿង ដឹកជអន្តោប្រវេសន៍រាប់សិបនាក់បានក្រឡាប់លិច ជាការបាត់បង់អាយុជីវិតមនុស្សដ៏ធំបំផុតនៅក្នុងច្រកសមុទ្រនេះនៅឆ្នាំនេះ។
អង្គភាពល្បាតឆ្នេរបារាំង បាននិយាយថា ទូកដែលបានជួបគ្រោះថ្នាក់កាលពីថ្ងៃអាទិត្យ ត្រូវគេមើលឃើញកំពុងធ្វើដំណើរទៅតំបន់ឆ្នេរក្នុងទីប្រជុំជនមួយរបស់បារាំង តែក្រុមអ្នកសង្រ្គោះមិនអាចផ្ដល់ជំនួយពីសមុទ្របាន។
បន្ទាប់ពីទូកធ្លាក់ក្នុងស្ថានភាពលំបាក ទូកបានបុកកថ្ម រួចក៏ ប្រះបាក់ជាបំណែក។
ឆ្មាំល្បាតឆ្នេរនិយាយថា នៅលើឆ្នេរសមុទ្រសេវាសង្រ្គោះបន្ទាន់បានផ្ដល់ការមើលថែចំពោះមនុស្ស៥៣នាក់ និងបានបញ្ជាក់ថា មនុស្ស៨នាក់ស្លាប់ និង៦នាក់បញ្ជូនទៅមន្ទីរពេទ្យរួមទាំងក្មេងតូចម្នាក់៕