កំណែទម្រង់ផ្លាស់ប្តូរប្រព័ន្ធតុលាការរបស់ប្រទេសម៉ិកស៊ិក ដែលនឹងអនុញ្ញាតឱ្យអ្នកបោះឆ្នោតជ្រើសរើសចៅក្រម បានចូលជាធរមានជាផ្លូវការកាលពីថ្ងៃអាទិត្យ (១៥ កញ្ញា) បន្ទាប់ពីច្បាប់មាត្រានៃការផ្លាស់ប្តូររដ្ឋធម្មនុញ្ញនេះត្រូវបានចេញផ្សាយនៅក្នុងសារាចររដ្ឋាភិបាល។ កំណែទម្រង់នេះបង្ហាញពីជ័យជម្នះផ្នែកនីតិបញ្ញត្តិដ៏សំខាន់មួយនៅក្នុងសប្តាហ៍ចុងក្រោយនៃតំណែងរបស់លោកប្រធានាធិបតី អាន់ដ្រេស ម៉ានូអែល ឡូប៉េស អូប្រាដ័រ (Andres Manuel Lopez Obrador)។

លោក Lopez Obrador ដែលតែងតែប៉ះទង្គិចជាមួយចៅក្រមដែលលោកចាត់ទុកថាពុករលួយ បានអះអាងថាការផ្លាស់ប្តូរនេះគឺចាំបាច់ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋសាមញ្ញ។ អ្នករិះគន់បានប្រឆាំងថា ការជ្រើសរើសចៅក្រមជាជាងការតែងតាំងពួកគេនឹងបញ្ចប់ឯករាជ្យភាពនយោបាយរបស់តុលាការ ខណៈពេលដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិន។

កំណែទម្រង់ ដែលបង្កឱ្យមានការតវ៉ាដ៏ចម្រូងចម្រាសនេះត្រូវបានដឹកនាំដោយលោក Lopez Obrador និងបានអនុម័តដោយសម្ព័ន្ធមិត្តរបស់លោកនៅក្នុងសភាជាតិ និងសភាសំឡេងភាគច្រើននៃរដ្ឋកាលពីដើមខែនេះ។ លោក Lopez Obrador បានចុះហត្ថលេខាលើក្រឹត្យមួយសម្រាប់ការបោះពុម្ពផ្សាយកំណែទម្រង់ ខណៈពេលអង្គុយក្បែរប្រធានាធិបតីជាប់ឆ្នោតគឺលោកស្រី ខ្លូឌា សេនបោម (Claudia Sheinbaum) នៅក្នុងវីដេអូដែលបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ការបោះពុម្ភផ្សាយកំណែទម្រង់រដ្ឋធម្មនុញ្ញនៅក្នុងសារាចររបស់រដ្ឋាភិបាលនេះចាប់ផ្តើមដំណើរការដើម្បីរៀបចំសម្រាប់ការបោះឆ្នោតតុលាការដំបូងសម្រាប់ចៅក្រមសហព័ន្ធ រួមទាំងចៅក្រមតុលាការកំពូល ដែលកំណត់សម្រាប់ខែមិថុនាឆ្នាំក្រោយ៕