ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃចន្ទ (១៦ កញ្ញា) នេះថា សភាប្រជាជនកំពូលកូរ៉េខាងជើង (SPA) ដែលជាសភាប្រថាប់ត្រារបស់រដ្ឋផ្តាច់ខ្លួនមួយនេះ នឹងកោះប្រជុំថ្មីមួយនៅថ្ងៃទី០៧ ខែតុលា នៅទីក្រុងព្យុងយ៉ាង ដើម្បីពិភាក្សាអំពីបញ្ហាទាក់ទងនឹងវិសោធនកម្មរដ្ឋធម្មនុញ្ញ។

កិច្ចប្រជុំ SPA ចុងក្រោយត្រូវបានធ្វើឡើងនៅក្នុងខែមករា ដែលមេដឹកនាំ លោក គីម ជុងអ៊ុន (Kim Jong Un) បានអំពាវនាវឱ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញដែលនឹងចាត់ទុកកូរ៉េខាងត្បូងជា «សត្រូវចម្បង ឬសត្រូវទី១»។ នៅពេលនោះ លោក គីម បាននិយាយថា លោកបានសន្និដ្ឋានថា ការបង្រួបបង្រួមជាមួយកូរ៉េខាងត្បូង មិនអាចមានទៀតទេ។

បញ្ហាផ្សេងទៀតដូចជាច្បាប់ទាក់ទងនឹងឧស្សាហកម្មធុនស្រាល និងការត្រួតពិនិត្យគុណភាពផលិតផលក៏នឹងត្រូវបានពិភាក្សាផងដែរ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA)។ ការសម្រេចចិត្តសម្រាប់កិច្ចប្រជុំបន្ទាប់ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់សភាកាលពីថ្ងៃអាទិត្យ។

សភាកូរ៉េខាងជើងកម្រនឹងជួបប្រជុំណាស់ ហើយជាធម្មតាបម្រើដើម្បីអនុម័តសេចក្តីសម្រេចលើបញ្ហាដូចជារចនាសម្ព័ន្ធគ្រប់គ្រង និងថវិកាដែលត្រូវបានបង្កើតឡើងដោយគណបក្សកាន់អំណាចរបស់រដ្ឋ ដែលបង្កើតបានជាសំឡេងភាគច្រើននៃសភា៕