បុរសហុងកុងម្នាក់នៅថ្ងៃចន្ទ (១៦ កញ្ញា) នេះ បានផ្ដល់ចម្លើយពីភាពមានទោសរបស់ខ្លួនលើបទបំផុសគំនិតបះបោរ ដោយការពាក់អាវយឺតដែលមានពាក្យតវ៉ា ដែលបានក្លាយជាអ្នកដំបូងគេដែលត្រូវបានកាត់ទោសក្រោមច្បាប់សន្តិសុខជាតិថ្មីរបស់ទីក្រុង ដែលអនុម័តកាលពីខែមីនា។ លោក ឈូ ខៃភុង (Chu Kai-pong) វ័យ ២៧ឆ្នាំ បានសារភាពទោសចំពោះការចោទប្រកាន់មួយពីបទ «ធ្វើសកម្មភាពដោយមានចេតនាបំបះបំបោរ»។

នៅក្រោមច្បាប់សន្តិសុខថ្មី ទោសអតិបរមាសម្រាប់បទល្មើសនេះត្រូវបានពង្រីកពី ២ឆ្នាំទៅ ៧ឆ្នាំ ហើយអាចឡើងរហូតដល់ ១០ឆ្នាំ ប្រសិនបើ «ការឃុបឃិតជាមួយកងកម្លាំងបរទេស» ត្រូវបានរកឃើញថាមានពាក់ព័ន្ធ។
លោក Chu ត្រូវបានចាប់ខ្លួននៅថ្ងៃទី១២ ខែមិថុនា នៅស្ថានីយ៍រថភ្លើង MTR ដោយពាក់អាវយឺតដែលមានពាក្យថា «រំដោះហុងកុង បដិវត្តន៍នៃសម័យថ្មី» និងពាក់ម៉ាសពណ៌លឿងសរសេរថា «FDNOL» ដែលតំណាងឱ្យ «ការទាមទារប្រាំចំណុច មិនអាចខ្វះមួយបាន»។
ពាក្យតវ៉ាទាំងពីរនេះត្រូវបានលឺជាញឹកញាប់នៅក្នុងការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ធំនៅឆ្នាំ២០១៩ ហើយថ្ងៃទី១២ ខែមិថុនា គឺជាថ្ងៃចាប់ផ្តើមដ៏សំខាន់នៃចលាចលជាច្រើនខែនោះ។ ប្រធានចៅក្រម លោក វីកទ័រ សូ (Victor So) ដែលទទួលស្ដាប់សវនាការលើករណីសន្តិសុខជាតិ បានពន្យារពេលសំណុំរឿងនេះទៅថ្ងៃព្រហស្បតិ៍ (១៩ កញ្ញា) សម្រាប់ការកាត់ទោស។
អ្នករិះគន់ រួមទាំងរដ្ឋាភិបាលអាមេរិក បានសម្តែងការព្រួយបារម្ភចំពោះច្បាប់សន្តិសុខថ្មីនេះ ហើយបាននិយាយថាបទបញ្ញត្តិដែលបានកំណត់យ៉ាងច្បាស់លាស់ទាក់ទងនឹង «ការបះបោរ» អាចត្រូវបានប្រើប្រាស់ដើម្បីកម្ចាត់ក្រុមប្រឆាំង។ ក្រុមមន្ត្រីហុងកុង និងចិនបាននិយាយថា ច្បាប់នេះចាំបាច់ក្នុងការបំពេញ «ចន្លោះប្រហោង» នៅក្នុងរបបសន្តិសុខជាតិ៕