យ៉ាងហោចណាស់ជនស៊ីវិល ៤០នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ នៅក្នុងការវាយប្រហារមួយដោយកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស(RSF) លើភូមិមួយ នៅកណ្តាលប្រទេសស៊ូដង់។ នេះបើយោងតាម គណៈកម្មាធិការតស៊ូក្នុងតំបន់។

គណៈកម្មាធិការតស៊ូអាប៊ូ ហ្គូតា (Abu Gouta) ដែលជាក្រុមមិនមែនរដ្ឋាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការវាយប្រហាររបស់កងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស(RSF) ទៅលើភូមិ ហ្គូសអាល់ណាកា ( Gouz Al-Naqa) នៃតំបន់អាប៊ូ ហ្គូតា ក្នុងរដ្ឋចាហ្សៀរ៉ា ( Gezira) បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៤០នាក់» ។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា៖«សាកសពជាច្រើន គឺនៅកណ្តាលវាល នៅក្នុងភូមិ ខណៈដែល RSF កំពុងរារាំងអ្នកភូមិដែលត្រូវបានជម្លៀសពីការវិលត្រឡប់មកកប់សាកសពទេ។
គណៈកម្មាធិការនេះ បានអំពាវនាវឲ្យអង្គការសង្គមស៊ីវិល ដាក់សម្ពាធលើ RSF ឲ្យអនុញ្ញាតឲ្យប្រជាពលរដ្ឋ ចូលទៅក្នុងភូមិ និងកប់សាកសពទាំងអស់នោះ។
កងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស(RSF) មិនទាន់ធ្វើអត្ថាធិប្បាយណាមួយអំពីការវាយប្រហារនេះទេ។
កងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស បានកាន់កាប់រដ្ឋចាហ្សៀរ៉ា ក្នុងខែធ្នូ ឆ្នាំ ២០២៣ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បានដកខ្លួនចេញពីទីក្រុងវ៉ាដ ម៉ាដានី ( Wad Madani) ដែលជារដ្ឋធានីរបស់រដ្ឋនេះ។