ប្រទេសទួរគី បានបង្កើតអគ្គនាយកដ្ឋានថ្មីមួយសម្រាប់សន្តិសុខការទូត នៅក្នុងក្រសួងការបរទេស។ នេះបើយោងតាមក្រឹត្យរបស់ប្រធានាធិបតី ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។

ក្រសួង បានបង្កើត «អគ្គនាយកដ្ឋានសន្តិសុខការទូត» ដើម្បីបង្កើនសន្តិសុខជាក់ស្តែង និងស៊ើបការណ៍នៃការិយាល័យកណ្តាលរបស់ខ្លួន និងបេសកកម្មក្រៅប្រទេស។ នេះបើយោងតាមក្រឹត្យប្រធានាធិបតីដែលបានចេញផ្សាយនៅក្នុងសារព័ត៌មានផ្លូវការ (Official Gazette)។
អគ្គនាយកដ្ឋានថ្មីនេះ នឹងមិនត្រឹមតែផ្តោតលើសន្តិសុខជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវសន្តិសុខតាមអ៊ីនធឺណិត ឯកសារ និងសន្តិសុខព័ត៌មាន នៅទីស្នាក់ការក្រសួង និងប៉ុស្តិ៍នៅបរទេសផង ដែរ។
អគ្គនាយកដ្ឋាននេះ នឹងតាមដានការគំរាមកំហែង ដូចជាសកម្មភាពភេរវករ និងហានិភ័យផ្សេងទៀត ព្រមទាំងចាត់វិធានការប្រុងប្រយ័ត្នជាចាំបាច់ ដើម្បីការពារបុគ្គលិក និងបេសកកម្មរបស់ក្រសួង។
លើសពីនេះទៅទៀតនោះ អគ្គនាយកដ្ឋាន នឹងធានានូវភាពជឿជាក់បន្តរបស់បុគ្គលិកក្រសួង ដោយសម្របសម្រួលការស៊ើបអង្កេតសន្តិសុខជាមួយបណ្តាស្ថាប័នពាក់ព័ន្ធ។