អូស្ត្រាលី៖ នគរបាលនៅទីក្រុងមែលប៊នដែលជាទីក្រុងធំបំផុតទី២ របស់អូស្ត្រាលីបានត្រៀមខ្លួនសម្រាប់ថ្ងៃទី៤ នៃការតវ៉ាប្រឆាំងនឹងវិធានការបិទក្រុងនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការចាប់ខ្លួនមនុស្សជាង ២០០នាក់កាលពីថ្មីៗនេះ ខណៈករណីឆ្លងជំងឺ COVID-19 នៅទូទាំងរដ្ឋ Victoria បានឡើងដល់កំណត់ត្រាខ្ពស់បំផុតប្រចាំថ្ងៃ។

ក្រុមអ្នកតវ៉ារាប់រយនាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវ ក្នុងទីក្រុងដែលមានប្រជាជនប្រមាណ ៥លាននាក់ ចាប់តាំងពីក្រុមមន្ត្រីនៅដើមសប្តាហ៍នេះបានបញ្ជា ឱ្យបិទការដ្ឋានសាងសង់រយៈពេលពីរសប្តាហ៍ និងតម្រូវឲ្យចាក់វ៉ាក់សាំងជាកាតព្វកិច្ចសម្រាប់កម្មករសំណង់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ នគរបាលបានបាញ់ម្សៅម្រេច និងប្រើដំបងកាលពីថ្ងៃពុធដើម្បីបំបែកក្រុមបាតុករដែលបានប្រមូលផ្តុំគ្នា នៅកន្លែងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធសង្គ្រាម ដែលបណ្តាលឱ្យក្រុមអតីតយុទ្ធជន និងអ្នកនយោបាយមួយចំនួនប្រឆាំង នឹងការប្រើទីសក្ការបូជាជាកន្លែងប្រមូលផ្តុំគ្នា។

ខណៈដែលក្រុមអាជ្ញាធរត្រៀមទប់ទល់នឹងការតវ៉ាបន្ថែមទៀត រដ្ឋ Victoria បានរាយការណ៍ករណីឆ្លងថ្មីក្នុងស្រុកចំនួន ៧៦៦នាក់ជាករណីឆ្លងខ្ពស់បំផុតនៃជំងឺរាតត្បាតសកលប្រចាំថ្ងៃ ដែលខ្ពស់ជាងចំនួនឆ្លងប្រចាំថ្ងៃចាស់មានត្រឹម ៧២៥នាក់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ និងមានអ្នកស្លាប់ថ្មីចំនួន ៤នាក់។ រដ្ឋនេះបានរាយការណ៍ករណីឆ្លងចំនួន ៦២៨នាក់កាលពីថ្ងៃពុធ។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ប្រទេសអូស្ត្រាលីមានករណីឆ្លងជំងឺ COVID-19 សរុបចំនួន ៩០,៣៩១នាក់បន្ទាប់ពីមានករណីឆ្លងថ្មី ១,៦៨១នាក់ និងស្លាប់សរុបចំនួន ១,១៨៦នាក់បន្ទាប់ពីមានអ្នកស្លាប់ថ្មីចំនួន ៨នាក់បន្ថែមទៀត៕
អត្ថបទ៖ សុខមាន