នគរបាលឥណ្ឌា បានឃុំខ្លួនកម្មករ និងមេដឹកនាំសហជីពប្រហែល ១០៤នាក់ ដែលតវ៉ាពីប្រាក់ឈ្នួលទាបនៅរោងចក្រ សាមសុង អេឡិចត្រូនិច (Samsung Electronics) នៅភាគខាងត្បូងប្រទេសឥណ្ឌា ខណៈដែលពួកគេកំពុងរៀបចំផែនការចេញតវ៉ានៅថ្ងៃចន្ទ (១៦ កញ្ញា) ដោយគ្មានការអនុញ្ញាត។

ការឃុំខ្លួននេះគឺជាការកើនឡើងនៃភាពតានតឹងក្នុងកូដកម្មរបស់កម្មករនៅរោងចក្រផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ Samsung នៅជិតទីក្រុង ចិនណៃ (Chennai) ក្នុងរដ្ឋ តាមីល ណាឌូ (Tamil Nadu)។ កម្មករចង់បានប្រាក់ឈ្នួលខ្ពស់ ហើយបានធ្វើពហិការការងាររយៈពេលប្រាំពីរថ្ងៃ ដោយរំខានដល់ផលិតកម្មដែលរួមចំណែកប្រហែលមួយភាគបីនៃចំណូលប្រចាំឆ្នាំរបស់ Samsung។

មន្ត្រីនគរបាលជាន់ខ្ពស់នៃស្រុក កាន់ជីពូរ៉ាម (Kancheepuram) លោក សានកា ហ្កាណេស (Sankar Ganesh) បានប្រាប់សារព័ត៌មានរ៉យទ័រថា កម្មករជាង ១០០នាក់កំពុងស្ថិតនៅក្រោម «ការចាប់ខ្លួនជាការប្រុងប្រយ័ត្នជាមុន» ដោយមិនបានបញ្ជាក់លម្អិត។ មន្ត្រីនគរបាលម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ការឃុំខ្លួននេះធ្វើឡើងដោយសារតែពួកគេត្រៀមហែក្បួនតវ៉ាដោយគ្មានការអនុញ្ញាត។
ចាប់តាំងពីសប្តាហ៍មុន កម្មករបានធ្វើការតវ៉ានៅតង់បណ្តោះអាសន្នក្បែររោងចក្រ ដោយទាមទារប្រាក់ឈ្នួលខ្ពស់ ការទទួលស្គាល់សហជីពដែលគាំទ្រដោយក្រុមការងារមជ្ឈមណ្ឌលសហជីពពាណិជ្ជកម្មឥណ្ឌា (CITU) និងម៉ោងធ្វើការកាន់តែប្រសើរ។ ប៉ុន្តែក្រុមហ៊ុន Samsung មិនចង់ទទួលស្គាល់សហជីពណាមួយដែលគាំទ្រដោយក្រុមការងារខាងក្រៅទេ៕