ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារមួយផ្សេងទៀតលើប្រទេសយេម៉ែន ដោយកំណត់គោលដៅទៅលើប្រព័ន្ធមីស៊ីលរបស់ក្រុមហ៊ួទី។

ទីបញ្ជាការនេះ បានសរសេរនៅលើទំព័រ X របស់ខ្លួនថា៖«ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងកម្លាំងបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានបំផ្លាញដោយជោគជ័យនូវប្រព័ន្ធមីស៊ីលមួយ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ួទីនៅប្រទេសយេម៉ែន»។ «វាត្រូវបានគេកំណត់ថា ប្រព័ន្ធនេះ បង្ហាញពីការគំរាមកំហែងច្បាស់លាស់ និងជិតមកដល់ចំពោះសហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះ» និងនាវាពាណិជ្ជកម្ម នៅក្នុងតំបន់។
បន្ទាប់ពីការកើនឡើងនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប ក្រុមហ៊ួទី បានព្រមានថាពួកគេ នឹងបើកការវាយប្រហារលើទឹកដីអ៊ីស្រាអែល ខណៈពេលដែលរារាំងនាវាដែលពាក់ព័ន្ធជាមួយរដ្ឋ ជ្វីហ្វមិនឲ្យឆ្លងកាត់សមុទ្រក្រហម និងច្រកសមុទ្រ Bab el-Mandeb រហូតដល់ទីក្រុងតែលអាវីវ (Tel Aviv) បានបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស( Hamas) នៅក្នុងដែនដីដែលកំពុងមានការប្រយុទ្ធគ្នានេះ។ ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកាមក នាវាស៊ីវិលរាប់សិបគ្រឿង ត្រូវបានវាយប្រហារដោយក្រុមហ៊ួទី នៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden។