អតិផរណារបស់អ៊ីស្រាអែល បានបង្កើនល្បឿនលើសពីការរំពឹងទុកក្នុងខែសីហា ដល់ទៅ ៣,៦ភាគរយ ធៀបនឹងឆ្នាំមុន ខណៈ សង្រ្គាមនៅតំបន់ហ្កាហ្សា បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ច និងការចំណាយរបស់រដ្ឋាភិបាលកើនឡើង។

ការិយាល័យស្ថិតិកណ្តាលរបស់អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យ (១៥ កញ្ញា) ថា តួលេខនេះបានកើនឡើងពីចំនួន ៣,២ភាគរយនៅក្នុងខែកក្កដា ហើយឥឡូវនេះគឺលើសពីគោលដៅអតិផរណាផ្លូវការរបស់ប្រទេសដែលមានចន្លោះពី ១ ទៅ ៣ ភាគរយប៉ុណ្ណោះ។ ក្រុមអ្នកវិភាគបានព្យាករថា អត្រានេះនឹងនៅតែមានស្ថិរភាព។

អតិផរណាប្រចាំខែ បានឡើងពី ០,៦ ទៅ ០,៩ភាគរយ ដែលជាអំណានខ្ពស់បំផុតក្នុងរយៈពេលជាង ២ឆ្នាំ។ តម្លៃសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស និងបន្លែស្ថិតក្នុងចំណោមទំនិញដែលឡើងថ្លៃបំផុត។

ក្រុមហ៊ុនអាកាសចរណ៍បរទេសជាច្រើនបានបញ្ឈប់ការហោះហើរទៅកាន់អ៊ីស្រាអែល ដោយសារហេតុផលសន្តិសុខ ខណៈនាវាតិចជាងមុនបានទៅកាន់កំពង់ផែសំខាន់របស់អ៊ីស្រាអែល អ៊ីឡាត (Eilat) ដោយសារតែការវាយប្រហាររបស់ពួកហ៊ូទីនៅសមុទ្រក្រហម។ វិស័យសំណង់ និងកសិកម្មត្រូវបានរងផលប៉ះពាល់ដោយកង្វះខាតកម្មករប៉ាឡេស្ទីន ដែលមិនត្រូវបានអនុញ្ញាតឱ្យចូលអ៊ីស្រាអែលពីតំបន់ វេសបែង (West Bank) និងហ្កាហ្សា។
ធនាគារកណ្តាលបានសម្តែងការព្រួយបារម្ភរបស់ខ្លួនជាទៀងទាត់អំពីផលប៉ះពាល់នៃសង្គ្រាមហ្កាហ្សាលើអតិផរណាក្នុងប៉ុន្មានខែថ្មីៗនេះ។ ទោះបីជាសេដ្ឋកិច្ចធ្លាក់ចុះក៏ដោយ ក៏អភិបាលរងរបស់ធនាគារបានប្រាប់សារព័ត៌មាន ប្លូមប៊ឺក (Bloomberg) នៅចុងខែសីហាថា ការកាត់បន្ថយអត្រាការប្រាក់ប្រហែលជាមិនកើតឡើងទេរហូតដល់ឆ្នាំ២០២៥៕