រយៈពេលពីរឆ្នាំ បន្ទាប់ពីការដួលរលំសេដ្ឋកិច្ច ភ្ញៀវទេសចរកំពុងត្រឡប់ទៅកាន់ប្រទេសស្រីលង្កាវិញ ជាសញ្ញាមួយដ៏ល្អសម្រាប់ម្ចាស់អាជីវកម្មដូចជា លោក Tariq Nassim ។ ហាងលក់ការ៉េមរបស់លោកនៅក្នុងទីក្រុងឆ្នេរ Galle Fort ជាកន្លែងទាក់ទាញអ្នកទេសចរនៅភាគខាងត្បូងកោះ កំពុងចាប់ផ្តើមមើលឃើញអតិថិជនជាថ្មីម្តងទៀត ទោះបីជាចំនួនភ្ញៀវ នៅមិនទាន់ឈានដល់តួលេខ កាលពីពេលមុនជំងឺឆ្លងរាតត្បាត ក៏ដោយ។
លោក Tariq Nassim អាយុ៦២ឆ្នាំ បាននិយាយថា «ដោយមានវិបត្តិសេដ្ឋកិច្ច យើងនៅពុំទាន់បានប្រសើរឡើងវិញនៅឡើយទេ»។ វិបត្តិសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា បានផ្ទុះឡើង បន្ទាប់ពីប្រាក់បម្រុងប្រាក់ដុល្លាររបស់កោះនេះបានធ្លាក់ចុះ ធ្វើឲ្យប្រទេសនេះពុំអាចទិញរបស់របរសំខាន់ៗ រួមមានប្រេងឥន្ធនៈ ជី និងម៉ាស៊ីន។ ប្រទេសនេះ បានឃើញអតិផរណាហក់ឡើងដល់៧០% ពន្ធលើថាមពលអគ្គិសនីកើនឡើង៦៥% និងរូបិយប័ណ្ណធ្លាក់ចុះ៤៥% ។
ដោយធុញទ្រាន់ទៅនឹងការដាច់ចរន្តអគ្គិសនីរយៈពេលជាច្រើនម៉ោង ខ្វះការផ្គត់ផ្គង់ប្រេងនៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ហើយមន្ទីរពេទ្យអស់ឱសថ បាតុករដែលមានកំហឹងរាប់ពាន់នាក់ បានចេញធ្វើបាតុកម្មនៅក្នុងរដ្ឋធានី Colombo របស់ប្រទេសស្រីលង្កា ដោយចូលកាន់កាប់ការិយាល័យ និងលំនៅឋានរបស់ប្រធានាធិបតី បង្ខំឱ្យអតីតប្រធានាធិបតី លោក Gotabaya Rajapaksa ភៀសខ្លួនចេញពីប្រទេស ហើយក្រោយមក បានលាលែងពីតំណែង។
សភា បានជ្រើសរើសអ្នកបន្តតំណែង គឺលោក Ranil Wickremesinghe ដែលបានធ្វើផែនការស្តារឡើងវិញបណ្តោះអាសន្នគាំទ្រដោយកម្មវិធី២,៩ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងការរៀបចំរចនាសម្ព័ន្ធប្រាក់បំណុលបរទេសចំនួន២៥ពាន់លានដុល្លារ។
ប្រទេសស្រីលង្កា ត្រូវបានគេរំពឹងថានឹងមានកំណើន៣% នៅឆ្នាំ២០២៤នេះ ជាលើកដំបូងចាប់តាំងពីសេដ្ឋកិច្ចរបស់ខ្លួនបានធ្លាក់ចុះ ៧,៨% អំឡុងពេលមានវិបត្តិ។
វិស័យទេសចរណ៍គឺជាកត្តាជំរុញកំណើនដែលរកប្រាក់ចំណូលបាន១,៥ពាន់លានដុល្លារ និងទាក់ទាញភ្ញៀវទេសចរ១,២លាននាក់រហូតដល់ ខែ កក្កដា។
ប៉ុន្តែស្ថេរភាពដែលពាក់ព័ន្ធ អាចត្រូវបានសាកល្បង នៅពេលដែលប្រជាជនស្រីលង្កា១៧លាននាក់ ទៅបោះឆ្នោតនៅថ្ងៃទី២១ ខែកញ្ញា ដើម្បីជ្រើសរើសប្រធានាធិបតីសម្រាប់រយៈពេល៥ ឆ្នាំ ខាងមុខ។