ភ្នំពេញ ៖ អ្នកស្រី Treenuch Thienthong រដ្ឋមន្ត្រីក្រសួងអប់រំ នៃព្រះរាជាណាចក្រថៃឡង់ដ៍ បានអះអាងថា នាពេលកន្លងមក រហូតដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលថៃ បានយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារកម្ពុជា ដែលមានឪពុកម្តាយធ្វើការនៅប្រទេសថៃ ដោយពួកគេបានមានឱកាសសិក្សាសាលារដ្ឋ ទទួលអាហារូបត្ថម្ភ និងមណ្ឌលថែទាំកុមារ ដូចនឹងកុមារជនជាតិថៃ យ៉ាងដូច្នេះដែរ។
ថ្លែងនៅក្នុងកិច្ចជំនួបជាមួយឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍ កាលពីថ្ងៃទី២២ ខែកញ្ញា ម្សិលមិញ នៅទីក្រុងបាងកកប្រទេសថៃ អ្នកស្រី Treenuch Thienthong បានលើកឡើងងថា «កន្លងមកកុមារកម្ពុជាដែលជាកូនពលករចំណាកស្រុក ត្រូវបានរាជរដ្ឋាភិបាលថៃ ផ្តោតការយកចិត្តទុកដាក់ ផ្តល់ឱកាសក្នុងការសិក្សាអប់រំនៅតាមសាលារដ្ឋ និងមណ្ឌលថែទាំកុមារ ដោយពួកគេទទួលបានការយកចិត្តទុកដាក់ផ្តល់អាហារូបត្ថម្ភគ្រប់គ្រាន់ដូចកុមារដទៃទៀតផងដែរ»។
ជាមួយគ្នានោះដែរអ្នកស្រី បានសន្យាថា ក្រសួងអប់រំថៃ នឹងបន្តជួយបណ្តុះបណ្តាលផ្នែកធន់ធានមនុស្សដល់ប្រទេសកម្ពុជាដដែល ខណៈគម្រោងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ដែលជាព្រះរាជឩបត្ថម្ភដ៏ថ្លៃថ្លារបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន ដែលបច្ចុប្បន្ននេះ កំពុងបំពេញបេសកកម្មក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់និស្សិតកម្ពុជា ជាច្រើននាក់ដើម្បីពង្រឹងធនធានមនុស្សឆ្លើយតបទៅនឹងតម្រូវការការងារបច្ចុប្បន្ននៅកម្ពុជាជាដើមនោះ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរឧត្តមបណ្ឌិត សុខ សុក្រឹត្យា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាអរគុណយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលថៃ តាមរយៈក្រសួងអប់រំថៃ ដែលបានជួយបណ្តុះបណ្តាលដល់និស្សិតកម្ពុជានាពេលកន្លង ទៅរហូតដល់សព្វថ្ងៃនេះ ហើយឯកឧត្តមក៏បានបន្តស្នើសុំរដ្ឋមន្ត្រីអប់រំថៃ ឲ្យជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ដោយសារធនធានមនុស្សខាងផ្នែកទេសចរណ៍នៅមានកម្រិត អាចប្រឈមនឹងការខ្វះខាតនាពេលខាងមុខនៅពេលដែលកម្ពុជាបើកទទួលទេសចរអន្តរជាតិ និងវិស័យទេសចរណ៍ពិភពលោកបើកដំណើរការឡើងវិញផងដែរ។
នៅក្នុងកិច្ចជំនួបនោះដែរ ឧត្តមបណ្ឌិត សុខ សុក្រឹត្យា និងរដ្ឋមន្រ្តីក្រសួងអប់រំថៃ ក៏បានប្តេជ្ញាបន្តជំរុញទំនាក់ទំនងរវាងកម្ពុជា-ថៃ ឲ្យកាន់តែល្អប្រសើរ ជាពិសេសបង្កើតឲ្យមានកិច្ចសហប្រតិបត្តិការល្អទាំងផ្នែករដ្ឋ និងឯកជន និងប្រជាជនតាមរយៈការបង្កើតឱ្យមានកម្មវិធីជំរុញការអភិវឌ្ឍធនធានមនុស្សឲ្យស្របតាមតម្រូវការទីផ្សារជំនាន់ថ្មីផងដែរ៕
អត្ថបទ ៖ បាន ចក់



