សមាជិករបស់គណបក្សសាធារណរដ្ឋកំពុងទាមទារថា លោក Donald Trump ត្រូវទទួលបានការការពារផ្នែកសន្តិសុខដូចគ្នានឹងលោក Joe Biden ដែរ បន្ទាប់ពីមានការប៉ុនប៉ងធ្វើឃាតចំនួន ២លើកដែលមិនធ្លាប់មានពីមុនមកលើអតីតប្រធានាធិបតីអាមេរិករូបនេះ ក្នុងរយៈពេលត្រឹមតែប៉ុន្មានខែ។
ការប៉ុនប៉ងដែលត្រូវបានសង្ស័យថា មានបំណងយកជីវិតរបស់បេក្ខជនគណបក្សសាធារណរដ្ឋ នៅឯក្លឹបវាយកូនហ្គោលរបស់លោក ក្នុងរដ្ឋ Florida កាលពីថ្ងៃអាទិត្យ (ទី១៥ ខែកញ្ញា) បានធ្វើឲ្យការរៀបចំការពារសន្តិសុខ សម្រាប់រូបលោក ទទួលបានការចាប់អារម្មណ៍ជាថ្មីម្តងទៀត។
កិច្ចការលម្អិតពាក់ព័ន្ធនឹងការការពារលោក Trump ២៤ម៉ោង ត្រូវបានពង្រឹង បន្ទាប់ពីមានការបាញ់ប្រហារ នៅឯព្រឹត្តិការណ៍ជួបជុំរបស់លោក នៅរដ្ឋ Pennsylvania ក្នុងខែកក្កដា ជាពេលដែលគ្រាប់កាំភ្លើងបានបាញ់ចំស្លឹកត្រចៀករបស់លោក។ តែទោះជាយ៉ាងណាក្ដី សម្ព័ន្ធមិត្តរបស់លោក បាននិយាយថា ត្រូវតែចាត់វិធានការបន្ថែមទៀត ដើម្បីផ្ដល់សុវត្ថិភាពឲ្យបុរសវ័យ ៧៨ឆ្នាំរូបនេះ ខណៈដែលលោកកំពុងប្រឹងប្រែងប្រជែងយកតំណែងសេតវិមានមកវិញ។
ប្រធានាធិបតីលោក Biden បាននិយាយថា៖ «ខ្ញុំបានណែនាំក្រុមរបស់ខ្ញុំឲ្យបន្តធានាថា សេវាសម្ងាត់មានធនធាន សមត្ថភាព និងវិធានការការពារចាំបាច់ ដើម្បីបន្តធានាសុវត្ថិភាពរបស់អតីតប្រធានាធិបតី»។
គួរបញ្ជាក់ថា សេវាសម្ងាត់មានភារកិច្ចការពាររយៈពេល ២៤ម៉ោង សម្រាប់ប្រធានាធិបតី អនុប្រធានាធិបតី អតីតអ្នកកាន់តំណែងទាំង២ និងបេក្ខជនប្រធានាធិបតី និងអនុប្រធានាធិបតីទាំងអស់របស់គណបក្សធំៗ។
តែលោក Trump មិនទទួលបានកម្រិតការពារដូចគ្នានឹងអ្នកកាន់តំណែងក្នុងការិយាល័យរបស់រដ្ឋាភិបាលបច្ចុប្បន្នទេ។ នគរបាលក្នុងតំបន់ បានប្រាប់កាលពីថ្ងៃអាទិត្យថា បរិវេណទីលានវាយកូនហ្គោល នឹងត្រូវបានឡោមព័ទ្ធដោយកម្លាំងសន្តិសុខ ប្រសិនបើលោក Trump ជាប្រធានាធិបតីក្នុងតំណែង។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា បុរសម្នាក់ប្រដាប់ដោយកាំភ្លើង AK-47 កំពុងរង់ចាំធ្វើសកម្មភាព នៅក្នុងគុម្ពោតព្រៃ ខណៈលោក Trump វាយកូនហ្គោល នៅទីលាន West Palm Beach មុនពេលជននោះ ត្រូវបានប្រទះឃើញដោយភ្នាក់ងារសេវាសម្ងាត់ ហើយត្រូវបានចាប់ខ្លួន៕