បណ្ដាញសង្គម TikTok នៅថ្ងៃចន្ទ (ទី១៦ ខែកញ្ញា) នេះ នឹងព្យាយាមពន្យល់ហេតុផលដល់តុលាការសហព័ន្ធថា ច្បាប់ដែលតម្រូវឲ្យកម្មវិធីចែករំលែកវីដេអូផ្ដាច់ខ្លួនចេញពីគ្រប់គ្រងរបស់ក្រុមហ៊ុនចិន ឬបើមិនដូច្នោះទេ ត្រូវប្រឈមនឹងការហាមឃាត់ នៅសហរដ្ឋអាមេរិក គឺផ្ទុយពីរដ្ឋធម្មនុញ្ញ។
ជោគវាសនានៃការចូលប្រើប្រាស់បណ្ដាញសង្គម TikTok របស់ជនជាតិអាមេរិក បានក្លាយជាបញ្ហាលេចធ្លោមួយនៅក្នុងការជជែកពិភាក្សាផ្នែលនយោបាយរបស់ប្រទេស ដោយបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បានប្រឆាំងនឹងចេញនូវការហាមឃាត់ណាមួយលើកម្មវិធីដ៏ពេញនិយមមួយនេះ។
ចំណែកប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ គឺលោក Joe Biden ដែលអនុប្រធានាធិបតី លោកស្រី Kamala Harris កំពុងឈរឈ្មោះប្រជែងទល់នឹងអតីតប្រធានាធិបតី លោក Trump បានចុះហត្ថលេខាលើច្បាប់ ដែលទុករយៈពេលឲ្យបណ្ដាញសង្គម TikTok រហូតដល់ខែមករា ឆ្នាំ២០២៥ ដើម្បីធ្វើយ៉ាងណាកុំឲ្យស្ថិតនៅក្រុមកម្មសិទ្ធរបស់ក្រុមហ៊ុនចិន ឬបើមិនដូច្នោះទេ នឹងត្រូវបាត់វត្តមានពីទីផ្សារសហរដ្ឋអាមេរិក។
ByteDance ដែលជាក្រុមហ៊ុនមេរបស់បណ្ដាញសង្គម TikTok បានលើកឡើងថា ខ្លួនមិនមានគម្រោងលក់ TikTok នោះទេ ដោយបានប្រឹងតស៊ូផ្លូវច្បាប់ ពោលគឺផ្តោតលើការធានារបស់សហរដ្ឋអាមេរិកលើការបញ្ចេញមតិដោយសេរី ដែលជាជម្រើសតែមួយគត់ ដើម្បីឲ្យអេបនេះបានរស់រាន។
យ៉ាងណាក៏ដោយចុះ បម្រាមនេះទំនងជាបង្កឲ្យមានការឆ្លើយតបយ៉ាងខ្លាំងក្លាពីរដ្ឋាភិបាលចិន និងធ្វើឲ្យទំនាក់ទំនងអាមេរិក-ចិនកាន់តែតានតឹង។ ក្រុមចៅក្រម ៣នាក់នៃតុលាឧទ្ធរណ៍សហរដ្ឋអាមេរិក DC Circuit នឹងស្តាប់ទឡ្ហីករណ៍របស់បណ្ដាញសង្គម TikTok ក្រុមហ៊ុន ByteDance និងក្រុមអ្នកប្រើប្រាស់។ អ្នកទាំងនោះ នឹងលើកហេតុផលជំទាស់ជាចម្បងថា ច្បាប់នេះរំលោភសិទ្ធិការបញ្ចេញមតិដោយសេរី៕