ប្រទេសហ្វីលីពីន នៅថ្ងៃចន្ទ (ទី១៦ ខែកញ្ញា) នេះ បានទទូចថា ខ្លួនមិនបានបោះបង់ចោលតំបន់ថ្មប៉ប្រះទឹក នៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះនោះទេ ដោយការលើកឡើងនេះកើតមានឡើង ២ថ្ងៃបន្ទាប់ពីខ្លួនបានយកនវាដែលចតចោលនៅទីនោះចេញ ក្រោយមានការប្រឈមមុខដាក់គ្នាអស់រយៈពេលជាច្រើនខែជាមួយគូប្រជែងទាមទារតំបន់នេះ គឺប្រទេសចិន។
អ្នកនាំពាក្យឆ្មាំល្បាតឆ្នេរហ្វីលីពីន លោកឧត្តមនាវីត្រី Jay Tarriela បានប្រាប់សន្និសីទសារព័ត៌មានថា៖ «យើងមិនបានបាត់បង់អ្វីនោះឡើយ» ដោយលោកបានប្តេជ្ញាថា «នឹងមានវត្តមានឆ្មាំល្បាតឆ្នេរ នៅតំបន់ Escoda Shoal» នេះ បន្ទាប់ពីបានទាញយកនាវា BRP Teresa Magbanua ពីតំបន់ថ្មប៉ប្រះទឹកនោះ ដែលត្រូវបានគេស្គាល់ជាអន្តរជាតិថា តំបន់ថ្មប៉ប្រះទឹក Sabina Shoal។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងទាមទារភាគច្រើននៃតំបន់ ក្នុងសមុទ្រចិនខាងត្បូង បើទោះបីជាមានសេចក្តីសម្រេចរបស់តុលាការអន្តរជាតិថា ការអះអាងរបស់ខ្លួនមិនមានភាពត្រឹមត្រូវផ្នែកផ្លូវច្បាប់ក៏ដោយ ហើយប្រទេសនេះបានធ្វើសកម្មភាពឥតញញើតញញើម ប្រឆាំងនឹងនាវារដ្ឋាភិបាលហ្វីលីពីននៅតំបន់ Sabina Shoal និងចំណុចជម្លោះផ្សេងទៀត នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនេះ។
ហើយប៉ុន្មានខែថ្មីៗនេះ គេបានឃើញថា នាវិកចិន បានបុក រារាំង ប្រើកាណុងបាញ់ទឹក និងសូម្បីតែឡើងទៅលើនាវាហ្វីលីពីន ដោយហេតុការណ៍ទាំងនោះបានបណ្តាលឲ្យមានការខូចខាត និងរបួស។
ទីក្រុងម៉ានីល បានដាក់ពង្រាយនាវា BRP Teresa Magbanua ក្នុងខែមេសា ដើម្បីទប់ស្កាត់សកម្មភាពរបស់ទីក្រុងប៉េកាំង កុំឲ្យដណ្តើមយកតំបន់ Sabina Shoal ទៅវិញ ប៉ុន្តែបានយកនាវានេះចេញ បន្ទាប់ពីសមាជិកនាវិក ៤នាក់ មានជំងឺ ហើយក្រោយពីបានរងការខូចខាត ពេលបុកជាមួយនាវាចិន៕