នគរបាលអ៊ីស្រាអែល បានបាញ់សម្លាប់អ្នកវាយប្រហារម្នាក់ បន្ទាប់ពីជននោះ បានចាក់មន្ត្រីព្រំដែនម្នាក់ នៅច្រកចូលទីក្រុងបុរាណរបស់រដ្ឋធានីហ្ស៊េរុយសាឡឹម កាលពីល្ងាចថ្ងៃអាទិត្យ (ទី១៥ ខែកញ្ញា)។
ខ្មាន់កាំបិតនោះ បានចាក់មន្ត្រីនគរបាលព្រំដែន នៅជិតច្រកទ្វារទីក្រុង Damascus ដែលជាជញ្ជាំងប្រវត្តិសាស្ត្រនៃទីក្រុងបុរាណនេះ។
នគរបាល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «មន្ត្រីដែលត្រូវបានចាក់នោះ បានរងរបួសស្រាល ហើយត្រូវបានជម្លៀសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ»។ នគរបាលបានបន្ថែមថា៖ «មន្រ្តីនគរបាលព្រំដែននេះ បានប្រយុទ្ធជាមួយភេរវករនោះ និងបានបញ្ឈប់សកម្មភាពរបស់គេដោយការបាញ់គ្នាដោយកាំភ្លើង ហើយបានបញ្ចប់ការវាយប្រហារយ៉ាងរហ័ស»។
ក្រោយមក អ្នកនាំពាក្យនគរបាល បានប្រាប់សារព័ត៌មាន AFP ថា អ្នកវាយប្រហារនោះ ត្រូវបានបាញ់សម្លាប់។ តែលោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីអត្តសញ្ញាណរបស់ជនដៃដល់នោះទេ។
គួរបញ្ជាក់ថា ភាពតានតឹង រវាងជនជាតិប៉ាឡេស្ទីន និងជនជាតិជ្វីហ្វអ៊ីស្រាអែល កើតមានជាញឹកញាប់ នៅក្នុងទីក្រុងដ៏ចំណាស់ ហើយទើបតែមានសភាពខ្លាំងឡើងៗ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមហ្កាហ្សា ជាង ១១ខែកន្លងទៅនេះ៕