អភិបាលតំបន់ លោក Vasily Golubev បាននិយាយថា អគារជិត ៣០ រួមទាំងផ្ទះចំនួន ១៣ខ្នង ត្រូវបានបំផ្លាញដោយភ្លើងចំហេះព្រៃ នៅក្នុងតំបន់ Rostov ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។
លោកបានសរសេរនៅលើបណ្តាញ Telegram របស់ខ្លួនថា៖«គិតត្រឹមម៉ោង ៨យប់ ប្រតិបត្តិការពន្លត់អគ្គិភ័យ នៅតែបន្តនៅក្នុងតំបន់ Rostov ។ នៅពេលដែលភ្លើងចំហេះព្រៃ បានរាលដាលចូលទៅក្នុងតំបន់ដែលមានប្រជាជនរស់នៅ អគារចំនួន ២៩ រួមទាំងផ្ទះចំនួន ១៣ខ្នង ត្រូវបានខូចខាត នៅក្នុងស្រុកចំនួនពីរ» ។
យោងតាមលោកអភិបាលតំបន់ ពុំមាននរណាម្នាក់ រងរបួសក្នុងភ្លើងចំហេះព្រៃនោះទេ ហើយជំនួយនឹង ផ្តល់ដល់អ្នកដែលបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិ។
លើសពីនេះ តាមការលើកឡើងរបស់លោក ភ្លើងចំហេះព្រៃចំនួនបីកន្លែង នៅតែបន្តឆាបឆេះលើផ្ទៃដី ៧,៤ ហិកតា នៅក្នុងស្រុកចំនួនបី។