មីស៊ីលបាលីស្ទីកល្បឿនលឿនជាងសំឡេងរយៈចម្ងាយឆ្ងាយថ្មីរបស់ប្រទេសយេម៉ែន ដែលបានកំណត់គោលដៅលើភាគកណ្តាលអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ហោះបានចម្ងាយ ២០៤០ គីឡូម៉ែត្រក្នុង រយៈពេល ១១ នាទីកន្លះ ហើយប្រព័ន្ធស្ទាក់ចាប់អ៊ីស្រាអែលទាំងអស់មានចាប់ពី Arrow និង Iron Dome បានបរាជ័យក្នុងការបញ្ឈប់មីស៊ីលនេះ។
ការវាយប្រហារដោយមីស៊ីលរបស់យេម៉ែនកាលពីថ្ងៃអាទិត្យ បានបង្កសំឡេងស៊ីរ៉ែន នៅទូទាំងភាគកណ្តាលអ៊ីស្រាអែល រួមទាំងនៅអាកាសយានដ្ឋាន Tel Aviv និង Ben Gurion ហើយបានបញ្ជូនអ្នកតាំងទី លំនៅទាំងអស់ ទៅកាន់ទីជម្រក។
អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធយេម៉ែន លោក យ៉ាយ៉ា សារី (Yahya Saree) បាននិយាយថា កងទ័ពយេម៉ែន បានកំណត់គោលដៅលើទីតាំងយោធារបស់សត្រូវអ៊ីស្រាអែល នៅក្នុងតំបន់ Jaffa ជាមួយនឹង មីស៊ីលបាលីស្ទីកល្បឿនលឿនជាងសំឡេងថ្មីមួយដែលបានព្យាយាមគេចពីប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល។
យោធាអ៊ីស្រាអែល បានចាប់ផ្តើមការស៊ើបអង្កេតមួយ ដើម្បីរកឲ្យឃើញពីមូលហេតុដែលប្រព័ន្ធមីស៊ីលការពារទាំងបីរបស់ខ្លួន បរាជ័យក្នុងការស្ទាក់ចាប់មីស៊ីលរបស់ប្រទេសយេម៉ែន។ ប៉ុន្តែវាមិនមែនជាលើកទី១ ទេដែលកងកម្លាំងយេម៉ែន បានរង្គោះរង្គើទឹកដីដែលកាន់កាប់ដោយអ៊ីស្រាអែលនេះ។