ក្រសួងមហាផ្ទៃបានប្រាប់ឲ្យដឹងថា ប្រទេសអាល្លឺម៉ង់បានសម្រេចដាក់ចេញនូវការគ្រប់គ្រងបណ្តោះអាសន្នឡើងវិញ នៅតាមព្រំដែនភាគខាងលិច និងភាគខាងជើងរបស់ខ្លួន នាថ្ងៃចន្ទ (ទី១៦ ខែកញ្ញា) ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្វើអន្តោប្រវេសន៍មិនទៀងទាត់ និងឧក្រិដ្ឋកម្មឆ្លងព្រំដែន។
ការរឹតបន្តឹងនេះ គឺជាផ្នែកមួយនៃវិធានការជាបន្តបន្ទាប់ដែលអាល្លឺម៉ង់បានអនុវត្ត ដើម្បីពង្រឹងជំហររបស់ខ្លួនលើការធ្វើអន្តោប្រវេសន៍មិនទៀងទាត់ បន្ទាប់ពីមានការកើនឡើងនូវការទៅដល់នៃជនអន្តោប្រវេសន៍ ជាពិសេសប្រជាជនដែលភៀសខ្លួនចេញពីសង្គ្រាម និងភាពក្រីក្រ នៅតំបន់មជ្ឈិមបូព៌ា និងការកើនឡើងនៃការគាំទ្រ ចំពោះក្រុមប្រឆាំងស្តាំនិយម និងពួកអភិរក្សនិយម។
ឥឡូវនេះ ការត្រួតពិនិត្យ នឹងត្រូវអនុវត្តនៅតាមព្រំដែនដីគោករបស់អាល្លឺម៉ង់ជាមួយប្រទេសបារាំង បែលហ្ស៊ិក លុចសំបួ ហូឡង់ និងដាណឺម៉ាក សម្រាប់រយៈពេល ៦ខែដំបូង ដែលជាការទប់ស្កាត់បន្ថែមទៀតដល់ការធ្វើដំណើរដោយសេរី នៅក្នុងសហភាពអឺរ៉ុប។ ការអនុវត្តនោះ បានកើតមានរួចហើយនៅទីកន្លែងឆ្លងកាត់ជាមួយប្រទេសប៉ូឡូញ សាធារណរដ្ឋឆែក អូទ្រីស និងស្វីស។
យ៉ាងណាក្ដី វិធានការនេះបានជំរុញឲ្យមានការរិះគន់ពីបណ្ដាប្រទេសជិតខាងរបស់អាល្លឺម៉ង់។ នាយករដ្ឋមន្រ្តីប៉ូឡូញ លោក Donald Tusk បានអំពាវនាវឲ្យមានការពិគ្រោះយោបល់ជាបន្ទាន់ជាមួយបណ្តាប្រទេសដែលប៉ះពាល់ផ្សេងទៀត ដែលភ័យខ្លាចថា មានការទាក់ទាញអ្នកស្វែងរកសិទ្ធិជ្រកកោនកាន់តែច្រើនឡើងៗ និងបង្កផលប៉ះពាល់ដល់ពាណិជ្ជកម្ម។
អធិការបតីរបស់ប្រទេសអូទ្រីស លោក Karl Nehammer បានព្រមានថា ប្រសិនបើអាល្លឺម៉ង់ដាក់ចេញនូវវិធានការបញ្ជូនជនអន្តោប្រវេសន៍កាន់តែច្រើនត្រឡប់មកវិញឆ្លងកាត់ព្រំដែនរួមរបស់ពួកគេ ប្រទេសអូទ្រីសក៏នឹងឆ្លើយតបវិញ ដោយការបញ្ជូនមនុស្សកាន់តែច្រើនដែរ តម្រង់ទៅទិសខាងកើតឆ្ពោះទៅកាន់តំបន់បាល់កង់៕