បាល់ទាត់៖ Real Madrid បានបន្តកាន់កាប់កំពូលតារាងក្របខណ្ឌអេស្ប៉ាញ La Liga ក្រោយជ័យជំនះ ៦-១ លើក្រុមភ្ញៀវ Real Mallorca យប់មិញនេះ។ បន្ទាប់ពីខ្សែប្រយុទ្ធបារាំង Karim Benzema បើកការនាំមុខនៅនាទីទី៣ កីឡាករអេស្ប៉ាញ Marco Asencio ក៏រកបានបីគ្រាប់ម្នាក់ឯង។

គ្រាប់ដំបូងរបស់ Asencio កើតឡើងនៅនាទីទី២៤ មុនពេលដែល Mallorca តបបានមួយគ្រាប់វិញដោយ Lee Kang។ ក្រោយមក Asencio ក៏រកបានគ្រាប់ទី២ របស់ខ្លួននៅនាទីទី២៩ និងគ្រាប់បាល់ទី៣ Hat Trick នៅវគ្គទី២ នាទីទី៥៥ មុនពេលដែល Karim Benzema រកបានគ្រាប់ទី២ ដែរនៅនាទីទី៧៨ និងគ្រាប់ចុងក្រោយដោយ Isco នៅនាទីទី៨៤។ ចប់ការប្រកួត Real Madrid ទទួលបានជ័យជំនះយ៉ាងធំធេង ៦-១ លើ Real Mallorca ដែលជាអតីតក្លិបចាស់របស់ Marco Asencio ដែលបានចាកចេញនៅឆ្នាំ២០១៥។

ចំណែក Karim Benzema ពីរគ្រាប់នេះទៀតគឺជាគ្រាប់ទី៨ របស់គេហើយនៅ La Liga រដូវកាលនេះបូករួមទាំងគ្រាប់បាល់បញ្ជូនចំនួន ៧ផ្សេងទៀត។ ជ័យជំនះនេះធ្វើ Real Madrid បន្តកាន់កាប់កំពូលតារាងមាន ១៦ពិន្ទុពីលើក្រុមការពារជើងឯក Atletico Madrid ២ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ