រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani នៅថ្ងៃចន្ទ (ទី១៦ ខែកញ្ញា) នេះ បាននិយាយថា ប្រទេសអ៊ីតាលីគាំទ្រការដំឡើងពន្ធដែលស្នើឡើងដោយគណៈកម្មការអឺរ៉ុប លើការនាំចេញរថយន្តអគ្គិសនី (EV) របស់ប្រទេសចិន ដោយការលើកឡើងនេះកើតមាននៅមុនកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មចិន នៅទីក្រុងរ៉ូម។
នៅក្នុងបទសម្ភាសន៍មួយ លោក Tajani បានប្រាប់សារព័ត៌មាន Corriere della Sera ថា៖ «យើងគាំទ្រកាតព្វកិច្ចពន្ធដែលគណៈកម្មការសហភាពអឺរ៉ុប (EU) ស្នើឡើង ដើម្បីការពារការប្រកួតប្រជែងនៃក្រុមហ៊ុនរបស់យើង»។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីចិន លោក Wang Wentao កំពុងបំពេញទស្សនកិច្ច នៅអឺរ៉ុប ដើម្បីពិភាក្សាលើសំណុំរឿងប្រឆាំងការឧបត្ថម្ភធនរបស់ EU ប្រឆាំងនឹងរថយន្ត EV ផលិតដោយប្រទេសចិន ខណៈដែលការបោះឆ្នោតលើការដំឡើងពន្ធគយនេះ កាន់តែជិតកើតមានឡើង។ លោកបានជួបជាមួយលោក Tajani នៅព្រឹកថ្ងៃចន្ទ ហើយនឹងជួបពិភាក្សាជាមួយអនុប្រធានប្រតិបត្តិ និងស្នងការពាណិជ្ជកម្មរបស់គណៈកម្មការអឺរ៉ុប គឺលោក Valdis Dombrovskis នៅថ្ងៃទី១៩ ខែកញ្ញា។
លោក Tajani បានបន្ថែមថា៖ «យើងចង់ធ្វើការលើផែនការពាណិជ្ជកម្ម ដោយផ្អែកលើសមភាព យើងទាមទារឲ្យមានលទ្ធភាពចូលស្មើភាពគ្នា សម្រាប់ផលិតផលរបស់យើង នៅក្នុងទីផ្សាររបស់ពួកគេ។ បណ្ដាក្រុមហ៊ុនរបស់យើង ត្រូវតែប្រកួតប្រជែងក្នុងលក្ខខណ្ឌស្មើភាពគ្នា»។
អ៊ីតាលីដំបូងឡើយបានគាំទ្រពន្ធគយ នៅក្នុងការបោះឆ្នោតមិនជាប់កាតព្វកិច្ចរបស់សមាជិកសហភាពអឺរ៉ុប ក្នុងខែកក្កដា ប៉ុន្តែរដ្ឋមន្ត្រីឧស្សាហកម្ម លោក Adolfo Urso បានប្រាប់សារព័ត៌មាន Reuters កាលពីសប្តាហ៍មុនថា លោករំពឹងថា នឹងមានដំណោះស្រាយតាមរយៈចរចា៕