ប្រទេសស៊ុយអែតគួរតែដឹកនាំដំណើរការពង្រឹងវត្តមានរបស់អង្គការណាតូ នៅក្នុងប្រទេសហ្វាំងឡង់ ក្នុងទម្រង់នៃអ្វីដែលហៅថា កងកម្លាំងជើងគោក (FLF)។ នេះបើតាមការស្នើរឡើងពីរដ្ឋភិបាលនៃប្រទេសទាំង ២ នាថ្ងៃចន្ទ (ទី១៦ ខែកញ្ញា) នេះ។
នៅឯសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីហ្វាំងឡង់ លោក Antti Hakkanen ក្នុងទីក្រុង Stockholm រដ្ឋមន្ត្រីក្រសួងការពារជាតិស៊ុយអែត លោក Pal Jonson បានប្រាប់ថា៖ «រដ្ឋាភិបាលស៊ុយអែតមានមហិច្ឆតា ក្នុងការដើរតួនាទីជាប្រទេសក្របខ័ណ្ឌ សម្រាប់កងកម្លាំងជើងគោកនៅហ្វាំងឡង់»។
ជាមួយគ្នានេះ អមដោយការបន្ថែមថា ការតែងតាំងប្រទេសមួយ ដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែង នឹងត្រូវធ្វើឡើងដោយមូលមតិគ្នារបស់សមាជិកអង្គការណាតូ លោក Jonson បាននិយាយថា៖ «ខ្ញុំសូមគូសបញ្ជាក់ផងដែរថា យើងកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃដំណើរការនេះ»។
គួរបញ្ជាក់ថា ការលុកលុយរបស់រុស្ស៊ី នៅខែកុម្ភៈ ឆ្នាំ២០២២ ទៅលើអ៊ុយក្រែន បានជំរុញឲ្យមានការផ្លាស់ប្តូរគោលនយោបាយជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសដែលពីមុនមិនចូលបក្សសម្ព័ន្ធយោធា គឺហ្វាំងឡង់ និងស៊ុយអែត ដែលបានចូលរួមជាមួយអង្កការណាតូ ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ បន្តបន្ទាប់គ្នា៕