ប្រទេសព័រទុយហ្គាល់ នៅថ្ងៃចន្ទ (ទី១៦ ខែកញ្ញា) បានស្នើសុំយន្តហោះពន្លត់អគ្គិភ័យបន្ថែមទៀត ខណៈយ៉ាងហោចណាស់អគ្គិភ័យចំនួន ១៥កន្លែង បានឆាបឆេះរាលដាលខ្លាំងឡើងៗ នៅតំបន់ភាគកណ្តាល និងភាគខាងជើង ដោយក្នុងនោះរួមទាំងចំហេះ ដែលបានដុតបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង នៅជាយក្រុង Albergaria-a-Velha ផងដែរ។
អ្នកពន្លត់អគ្គិភ័យជាង ៨០០នាក់ កំពុងប្រយុទ្ធនឹងអណ្ដាតភ្លើងនោះ និងចំហេះ ៣ផ្សេងទៀត នៅតំបន់ Aveiro ភាគពាយ័ព្យ ជាកន្លែងដែលប៉ូលីសបានបិទផ្លូវហាយវេ ដោយរួមទាំងផ្លូវហាយវេដ៏សំខាន់មួយ រវាងរដ្ឋធានី Lisbon និង Porto ហើយនិងបានជម្លៀសមនុស្សពីភូមិជាច្រើនផងដែរ។
គេឃើញតំបន់នោះគ្របដណ្ដប់ដោយផ្សែងហុយយ៉ាងខ្មួលខ្មាញ់ចេញពីអគ្គិភ័យ ដែលត្រូវបង្កឡើងដោយខ្យល់បក់ខ្លាំង និងសីតុណ្ហភាពក្ដៅខ្លាំង។ អាជ្ញាធរបាននិយាយថា ពួកគេបានដាក់ពង្រាយយន្តហោះទម្លាក់ទឹកចំនួន ៨គ្រឿង នៅក្នុងតំបន់នោះ។ ហើយរដ្ឋាភិបាលបានស្នើសុំយន្តហោះបន្ថែមពីគណៈកម្មការអឺរ៉ុប ក្រោមយន្តការការពារស៊ីវិលរបស់សហភាពអឺរ៉ុប ដែលគេស្គាល់ថា RescEU។
អភិបាលក្រុង Albergaria-a-Velha លោក Antonio Loureiro បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Lusa ថា អគ្គិភ័យបានឆេះបំផ្លាញផ្ទះ ២ខ្នង ហើយកំពុងឆាបឆេះ នៅក្នុងបរិវេណឧស្សាហកម្ម និងតំបន់លំនៅឋាននៃទីប្រជុំជនដែលមានមនុស្សប្រហែល ២៥.០០០នាក់។
ជារួម ក្រុមមន្ត្រីបានប្រាប់ឲ្យដឹងថា អ្នកពន្លត់អគ្គិភ័យចំនួន ១.៥០០នាក់ បានចូលរួមទប់ទល់នឹងអគ្គិភ័យនៅទូទាំងប្រទេស ដែលសីតុណ្ហភាពបានឡើងដល់ ៣០អង្សាសេ នៅចុងសប្តាហ៍ ហើយត្រូវបានគេរំពឹងថា នឹងនៅតែបន្តឡើងខ្ពស់ទៀតនាថ្ងៃចន្ទ និងថ្ងៃអង្គារ៕