ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានបញ្ចេញផ្សាយនូវវីដេអូមួយដែលមានចំណងជើងថា «តើហេតុអ្វីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ចូលរួមគាំទ្រមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន?»។
វីដេអូនេះ មានរយៈពេល១៣៖៥៨ វិនាទី បានបង្ហាញថាអំពីមូលហេតុចំនួន៥ដែលប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ស្ម័គ្រចិត្តបរិច្ឆាគថវិកាចូលរួមគាំទ្រមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន តាមការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ប្រជាពលរដ្ឋខ្មែរពីគ្រប់មជ្ឈដ្ឋាន បានបង្ហាញការគាំទ្រដ៏ច្រើនលើសលប់ ដែលបានប្រែក្លាយជាចលនាជាតិនិយមមួយដ៏ផុសផុល ទាំងក្នុងជួរមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អ្នកជំនួញ អាជីវករ កសិករ កម្មករ និងប្រជាជនទូទៅ គឺបានចូលរួមបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត ក្នុងស្មារតីរួមចំណែកកសាងសមិទ្ធផលជូនជាតិមាតុភូមិ។
មូលហេតុទាំង៥រួមមាន៖ ទី១- ប្រជាជនខ្មែរភាគច្រើនលើសលុប មានមនសិកា និងស្មារតីស្រលាញ់ប្រទេសជាតិពិតប្រាកដ, ទី២- ការជឿជាក់ និងទុកចិត្ត លើការដឹកនាំរបស់រាជរដ្ឋាភិបាល, ទី៣- ឆ្លើយតបនិងទាត់ចោលការចោទប្រកាន់អគតិរបស់ក្រុមប្រឆាំងជ្រុលនិយម, ទី៤- គោលដៅមនុស្សធម៌ គឺរួមគ្នាកសាងជាតិក្នុងបុព្វហេតុជួយដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែន និង ទី៥- ខឿនការពារជាតិដ៏រឹងមាំគឺប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន។ ឆ្លើយតបនិងចលនាជាតិនិយមគាំទ្រយ៉ាងផុសផុលចំពោះមូលនិធិនេះ សម្តេចធិបតីក៏បានប្រកាសថា រាជរដ្ឋាភិបាលនឹងប្រើប្រាស់ថវិកាដែលប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានរួមគ្នាបរិច្ឆាគក្នុងមូលនិធិ បូករួមនិងថវិការបស់រាជរដ្ឋាភិបាលដែលមានស្រាប់ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ប្រកបដោយតម្លាភាព និងប្រើឱ្យចំគោលដៅចាំបាច់ ដែលជាសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែនតែម្តង។

