ប្រជាជននៅក្នុងរដ្ឋ Borno ភាគឦសានរបស់ប្រទេសនីហ្សេរីយ៉ា ដែលរងគ្រោះដោយសារទឹកជំនន់ កំពុងជួបការលំបាក ក្នុងការទទួលបានការថែទាំសុខភាព ខណៈភ្នាក់ងារជំនួយដែលប្រឈមនឹងតម្រូវការលើសការផ្គត់ផ្គង់ បានព្រមានពីការផ្ទុះឡើងនៃជំងឺឆ្លងតាមទឹក បន្ទាប់ពីមាននូវទឹកជំនន់ដ៏អាក្រក់បំផុត ដែលបានវាយប្រហារតំបន់នេះជាលើកដំបូង ក្នុងរយៈពេល ៣ទសវត្សរ៍។
គិតត្រឹមថ្ងៃន្ទ (ទី១៦ ខែកញ្ញា) នេះ មនុស្សជាង ៣០នាក់ បានបាត់បង់ជីវិត ដោយសារទឹកជំនន់នេះ ដែលអាជ្ញាធរ បាននិយាយថា បានប៉ះពាល់មនុស្សប្រហែល ១លាននាក់ ដែលភាគច្រើនរស់នៅក្នុងជំរុំ ដោយគ្មានអាហារបរិភោគ និងទឹកស្អាតប្រើប្រាស់។ លើសពីនេះទៀត ទឹកជំនន់បានគំរាមកំហែងមិនត្រឹមតែសុខភាព និងសុវត្ថិភាពនៃជនភៀសខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កជាឧបសគ្គដល់ភ្នាក់ងារជំនួយ និងធនធានរបស់រដ្ឋាភិបាល ដោយធ្វើឲ្យមានវិបត្តិមនុស្សធម៌ដែលមានរួចទៅហើយនោះ មានសភាពកាន់តែធ្ងន់ធ្ងរឡើងៗ។
គួរបញ្ជាក់ថា ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនៃខែសីហា មនុស្សជាង ១,៥លាននាក់ ត្រូវបានផ្លាស់ទីលំនៅទូទាំងប្រទេសចំនួន១២ នៅអាហ្វ្រិកខាងលិច និងកណ្តាល ដោយសារទឹកជំនន់ ហើយមានអ្នកស្លាប់ប្រហែល ៤៦៥នាក់។ នេះបើយោងតាមការិយាល័យកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN)។
ហើយក្រុមប្រឹក្សាជនភៀសខ្លួនន័រវ៉ែស (NRC) បាននិយាយកាលពីថ្ងៃចន្ទថា នៅចុងសប្តាហ៍នេះ មនុស្សចំនួន ៥០.០០០បន្ថែមទៀត ត្រូវបានផ្លាស់ទីលំនៅនៅភាគឦសានប្រទេសនីហ្សេរីយ៉ា ខណៈដែលទឹកជំនន់ឡើងកាន់តែខ្លាំង៕