អ៊ីស្រាអែល នៅថ្ងៃអង្គារ (១៧ កញ្ញា) នេះបានពង្រីកគោលដៅដែលបានបញ្ជាក់របស់ខ្លួននៃសង្គ្រាមនៅតំបន់ហ្កាហ្សា ហើយបានរួមបញ្ចូលការបញ្ជូនអ្នកស្រុកត្រឡប់ទៅសហគមន៍នៅភាគខាងជើងអ៊ីស្រាអែលវិញ ដែលត្រូវបានជម្លៀសដោយសារតែការវាយប្រហារដោយក្រុមហេសបូឡា គាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់។

ការិយាល័យនាយករដ្ឋមន្រ្តីបាននិយាយថា ការសម្រេចចិត្តនេះត្រូវបានអនុម័តក្នុងអំឡុងពេលកិច្ចប្រជុំពេញមួយយប់នៃគណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu។

ការវាយប្រហារថ្ងៃទី០៧ តុលា របស់ក្រុមហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល បានបង្កឱ្យមានសង្គ្រាមនៅហ្កាហ្សា។ ក្រុមហេសបូឡា បានបើកសមរភូមិមុខទីពីរប្រឆាំងនឹងអ៊ីស្រាអែល នៅថ្ងៃបន្ទាប់ ហើយការប្រយុទ្ធគ្នានៅទូទាំងព្រំដែនអ៊ីស្រាអែល-លីបង់ចាប់តាំងពីពេលនោះមក បានកើនឡើង ដោយគំរាមកំហែងបញ្ឆេះជម្លោះឱ្យកាន់តែរីកធំក្នុងតំបន់។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទថា៖ លទ្ធភាពសម្រាប់កិច្ចព្រមព្រៀងមួយកំពុងជិតបាត់បង់ហើយ នៅពេលដែលក្រុមហេសបូឡា បន្ត «ចងភ្ជាប់ខ្លួន» ជាមួយក្រុមហាម៉ាស ហើយបដិសេធមិនបញ្ចប់ជម្លោះ។ ដូចនេះ វិធីចុងក្រោយដើម្បីធានាការវិលត្រឡប់របស់អ្នកស្រុកនៅភាគខាងជើងអ៊ីស្រាអែលវិញ នឹងធ្វើឡើងតាមរយៈសកម្មភាពយោធា។
ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញពីទីប្រជុំជននៅតាមបណ្តោយព្រំដែនភាគខាងជើងដែលត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការបាញ់គ្រាប់រ៉ូកែត ហើយអ្នកស្រុកទាំងនោះមិនទាន់អាចត្រលប់ទៅវិញនោះទេ៕