បុរសម្នាក់ដែលត្រូវបានគេសង្ស័យថាបានសម្ងំលាក់ខ្លួនអស់រយៈពេលជិត ១២ម៉ោងនៅក្នុងការប៉ុនប៉ងជាក់ស្តែងដើម្បីធ្វើឃាតលោក Donald Trump នៅទីលានវាយកូនហ្គោលរដ្ឋហ្វ្លរីដា (Florida) ត្រូវបានចោទប្រកាន់ពីបទព្រហ្មទណ្ឌទាក់ទងនឹងកាំភ្លើងចំនួនពីរករណីកាលពីថ្ងៃចន្ទ (១៦ កញ្ញា) មួយថ្ងៃបន្ទាប់ពីអាជ្ញាធរនិយាយថា បុរសរូបនោះត្រូវបានគេប្រទះឃើញនៅក្នុងគុម្ពោតដោយកាន់កាំភ្លើង ខណៈពេលអតីតប្រធានាធិបតីអាមេរិករូបនេះលេងកីឡានៅក្បែរនោះ។

ជនសង្ស័យមិនបានមើលឃើញលោក Trump នៅទីលានវាយកូនហ្គោលឡើយ ហើយក៏មិនបានបើកការបាញ់ប្រហារណាមួយដែរ ប៉ុន្តែឧបទ្ទវហេតុនេះបានធ្វើឱ្យមានចម្ងល់អំពីថា តើបុរសប្រដាប់អាវុធម្នាក់អាចចូលទៅជិតលោក Trump បានដោយរបៀបណា ត្រឹមតែពីរខែប៉ុណ្ណោះបន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ទៀតបានបាញចំត្រចៀករបស់លោកក្នុងអំឡុងពេលជួបជុំយុទ្ធនាការថ្ងៃទី១៣ ខែកក្កដា នៅទីក្រុង Butler រដ្ឋ Pennsylvania។

លោក Ronald Rowe នាយកសេវាកម្មសម្ងាត់អាមេរិកបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ដំណើររបស់លោក Trump ទៅកាន់ទីលានវាយកូនហ្គោលរបស់លោកនៅក្រុង West Palm Beach មិនស្ថិតលើកាលវិភាគសាធារណៈទេ ហើយគេមិនច្បាស់ទេថាតើជនសង្ស័យ ដែលឈ្មោះ រ៉ាយអ៊ិន រ៉ូដ (Ryan Routh) បានដឹងថាលោក Trump នឹងនៅទីនោះដែរឬយ៉ាងណា។

សេវាសម្ងាត់បានបើកការបាញ់ប្រហារ បន្ទាប់ពីភ្នាក់ងារមួយរូបបានមើលឃើញចុងកាំភ្លើងលេចចេញពីគុម្ពោតព្រៃដែលមានចម្ងាយប៉ុន្មានរយម៉ែត្រប៉ុណ្ណោះពីលោក Trump។ ខ្មាន់កាំភ្លើង Routh បានបង្ហាញខ្លួននៅក្នុងតុលាការសហព័ន្ធនៅក្រុង West Palm Beach កាលពីថ្ងៃចន្ទ ជាទីដែលគេត្រូវបានចោទប្រកាន់ពីបទព្រហ្មទណ្ឌពីរករណី ហើយការចោទប្រកាន់បន្ថែមទៀតក៏អាចនឹងកើតមានដែរ៕