នៅក្នុងជំរំសម្រាប់ប្រជាជនភៀសខ្លួនដោយទឹកជំនន់ក្នុងរដ្ឋ Borno ប្រទេសនីហ្សេរីយ៉ា នាង Bintu Amadu ស្ថិតក្នុងចំណោមប្រជាជនរាប់រយនាក់ ដែលបានមករង់ចាំជាច្រើនម៉ោង ដើម្បីបានទៅជួបវេជ្ជបណ្ឌិត។ កូនប្រុសរបស់នាងមានជំងឺរាគ។

នាងនិយាយថា នាងបានរង់ចាំ ចាប់តាំងពីថ្ងៃម្សិលមិញ តែពុំទាន់បានទទួលលទ្ធផលអ្វីនៅឡើយ។ ទីភ្នាក់ងារផ្តល់ជំនួយ បានព្រមានអំពីការផ្ទុះឡើងជំងឺកើតឡើងដោយសារទឹក ក្នុងពេលមានទឹកជំនន់ដ៏អាក្រក់បំផុតក្នុងតំបន់មិនធ្លាប់ជួបប្រទះ ក្នុងរយៈពេលបីទសវត្សរ៍មកនេះ។

មនុស្សរាប់សែននាក់ ដូចជានាង Amadu ត្រូវបង្ខំចិត្តចូលទៅរស់នៅក្នុងជំរំជនភៀសខ្លួនដោយគ្មានអាហារ និងទឹកស្អាត។ នោះបានធ្វើឲ្យទីភ្នាក់ងារជំនួយ និងធនធានរបស់រដ្ឋាភិបាល ត្រូវពង្រីកខ្លួនបន្ថែម ខណៈវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើង ដែលតម្រូវការ មានទំហំធំធេងខ្លាំង។

អ្នកសម្របសម្រួលតំបន់ម្នាក់ បាននិយាយថា អ្នកស្រុកនៅរដ្ឋ Borno កំពុងជួបប្រទះបញ្ហាកង្វះអាហារូបត្ថម្ភរួចហើយ បន្ទាប់ពីមានការបះបោររបស់ក្រុមជីហាតជាច្រើនឆ្នាំនៅក្នុងតំបន់នេះ។
ទឹកជំនន់ បានសម្លាប់មនុស្សជាង៣០នាក់ នៅក្នុងប្រទេសនីហ្សេរីយ៉ា ចាប់ផ្តើមនៅពេលទំនប់វារីអគ្គិសនី បានបាក់ធ្លាយ ដែលវាបានកើតឡើង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបង្កទឹកជំនន់ក្នុងប្រទេសកាំមេរូន ឆាដ ម៉ាលី និងប្រទេសនីហ្សេ។
ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនៃខែសីហា មនុស្សជាង១,៥លាននាក់ បានភៀសខ្លួននៅនៅទូទាំងប្រទេសចំនួន១២ នៅអាហ្វ្រិកខាងលិច និងអាហ្វ្រិកកណ្តាល ដោយសារតែទឹកជំនន់។
យោងតាមការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយថា មនុស្សប្រហែល ៤៦៥ នាក់បានស្លាប់។
រដ្ឋាភិបាលប្រទេសនីហ្សេរីយ៉ា បានព្រមានដាច់ដោយឡែកពីការកើនឡើងកម្រិតទឹក នៅក្នុងទន្លេធំបំផុតរបស់ប្រទេស ដែលអាចបណ្តាលឱ្យមានទឹកជំនន់នៅតំបន់ដីសណ្តប្រទេសនីហ្សេដែលផលិតប្រេង នៅភាគខាងត្បូង។